ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានរៀបចំវេទិកាស្ដីពីការប្រយុទ្ធប្រឆាំងនឹងការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយ និងមិនសុចរិត

ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងកម្ពុជា និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានរៀបចំវេទិកាស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយ និងមិនសុចរិត Counter-Counterfeit & Illicit Trade» និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។

ពិធីនេះ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។

វេទិកាខាងលើ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យអ្នកធ្វើធុរកិច្ច សមាគមអ្នកធ្វើធុរកិច្ច ទីប្រឹក្សាផ្នែកច្បាប់ និងមន្រ្តីអនុវត្តច្បាប់បានជួប ជុំ ពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍គ្នា ដោយ ផ្តោតលើបញ្ហាមួយចំនួនដូចខាងក្រោម៖
➢ វឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលរួមមាន អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ប្រកាសស្តីពីខសន្យាមិនសុចរិត និងប្រកាសស្តីពីកំឡុងពេលដកខ្លួនពីកិច្ចសន្យា
➢ ផលប៉ះពាល់របស់ផលិតផលក្លែងក្លាយ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
➢ គំនិតផ្តួតផ្តើមរបស់ស្ថាប័នរដ្ឋ ក្នុងការស្វែងរកដំណោះស្រាយនិងបង្រ្កាបការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយនិងមិនសុចរិត នៅក្នុងព្រះរាជាណាចកក្រកម្ពុជា។
➢ ការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយនិងមិនសុចរិត ពាក់ព័ន្ធនឹងទំនិញដែលមានការប្រើប្រាស់លឿន (Fast Moving Consumer Goods – FMCG) ទំនិញសុខាភិបាល/ឱសថ ផលិតផលស្រា និងផលិតផលក្នុងវិស័យយានយន្ត ព្រមទាំងផលប៉ះពាល់ដែលកើតមានចំពោះអ្នកប្រើប្រាស់ អ្នកធ្វើធុរកិច្ចដោយសុចរិតនៅក្នុងវិស័យទាំងនោះ និងចុងក្រោយគឺសេដ្ឋកិច្ចជាតិទាំងមូល។

ស្របពេលជាមួយគ្នានេះ ដោយមើលឃើញអំពីគោលដៅរួម ក្នុងការធានានូវភាពទាក់ទាញផ្នែកវិនិយោគនិងការពារអត្ថប្រយោជន៍អ្នកប្រើប្រាស់ពីការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយនិងមិនសុចរិត ក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប. តំណាងដោយ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបា លកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និង EuroCham តំណាងដោយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានចុះ MOU ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកិច្ចការពារអ្នកប្រើប្រាស់និងកិច្ចការប្រកួតប្រជែង ដើម្បីធានាបាននូវការការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់។

លើសពីនេះ ការលើកកម្ពស់ការធ្វើធុរកិច្ចដោយសុចរិតនិងស្មើភាពនៅកម្ពុជា និងលើកកម្ពស់ភាពទាក់ទាញការវិនិយោគមកកាន់ ព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយផ្នែកបច្ចេកទេស និងការចែករំលែកនូវបទពិសោធន៍រវាងអគ្គនាយកដ្ឋាន ក.ប.ប. និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។

ថ្លែងក្នុងពិធីបើកក្នុងវេទិកានេះ លោក ផាន អូន បានលើកឡើងថា ការធ្វើធុរកិច្ចមិនសុចរិតបានក្លាយជាការព្រួយបារម្ភរួមរបស់សកលលោក ដែលរួមបញ្ចូលទាំងការនាំចូលផលិតផលក្លែងក្លាយ ការគេចវេសកាតព្វកិច្ចពន្ធ និងការចរាចរខុសច្បាប់នូវទំនិញមិនមានស្តង់ដា ដែលនាំឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗខាតបង់នូវចំណូលពន្ធ រាប់ពាន់ លានដុល្លារអាមេរិក ទន្ទឹមនឹងនោះផងដែរ ធុរកិច្ចជនសុចរិតត្រូវបានខាតបង់ប្រយោជន៍ និងមិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារ ហើយជាពិសេសអ្នកប្រើប្រាស់ទទួលបាននូវទំនិញដែលមិនសមប្រកប។

ហេតុដូចនេះ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ពីអំពើនិងការអនុវត្តមិនសុចរិតនៅក្នុងទីផ្សាររបស់ធុរជ នខិលខូចមួយចំនួន ព្រមទាំងអាចបង្កើននូវបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌។

ជារួម ដើម្បីឱ្យការប្រយុទ្ធប្រឆាំងនឹងការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយនិងមិនសុចរិតមានប្រសិទ្ធភាពខ្ពស់តម្រូវឱ្យមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានស្ថាប័នរដ្ឋដែលជាមន្រ្តីអនុវត្តច្បាប់ផ្ទាល់ ទីប្រឹក្សាផ្នែកច្បាប់ អ្នកធ្វើធុរកិច្ច និងសមា គមធុរកិច្ច ជាមួយនឹងការអនុវត្តច្បាប់ជាធរមានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។

ផ្អែកលើហេតុផលនេះ MOU រវាង អគ្គនាយកដ្ឋាន ក.ប.ប. និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)នាថ្ងៃនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នារវាងសមាគមធុរកិច្ចនិងស្ថាប័នរដ្ឋដែល មន្រ្តីទទួលបន្ទុកអនុវត្តច្បាប់ ក្នុងការកិច្ចសហប្រ តិបត្តិការរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើធុរកិច្ចលើផលិតផលក្លែងក្លាយនិងមិនសុចរិត ហើយអគ្គនាយកដ្ឋាន ក.ប.ប. សង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការបែបនេះបន្ថែមទៀត ជាមួយសមាគមធុរកិច្ចដទៃផ្សេងទៀត ក្នុងការជំរុញកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា។