ក្រុងប្រ៊ុចសែល៖ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរលើបុគ្គល និងអង្គភាពចំនួន១៦ នៅក្នុងប្រទេសភូមា ដែលគ្រប់គ្រងដោយយោធា រួមទាំងរដ្ឋមន្ត្រីថាមពល អ្នកជំនួញដ៏មានឥទ្ធិពល និងមន្ត្រីជាន់ខ្ពស់ ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងបញ្ជីទណ្ឌកម្មថ្មីនេះ រួមមានឈ្មោះអ្នកនយោបាយ និងអ្នកគ្រប់គ្រងមុខជំនួញ នៅទីក្រុងយ៉ាំងហ្គោន ដែលត្រូវបានគេនិយាយថា មានជាប់ពាក់ព័ន្ធក្នុងការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ និងជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាល ក្នុងប្រទេសភូមា។
សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា «អ្នកទទួលខុសត្រូវចំពោះរដ្ឋប្រហារ ក៏ដូចជាអ្នកប្រព្រឹត្តអំពើហឹង្សា និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវតែទទួលខុសត្រូវ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះដែរ សហភាពអឺរ៉ុប បានថ្កោលទោសការរំលោភសិទ្ធិ រួមទាំងអំពើហិង្សាផ្លូវភេទ ការធ្វើទុក្ខបុកម្នេញលើបុគ្គលិកសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងជនស៊ីវិល រួមទាំងការវាយឆ្មក់តាមផ្លូវអាកាសលើសាលារៀន និងមន្ទីរពេទ្យ ចាប់តាំងពីក្រុមយោធាបានឡើងកាន់កាប់អំណាច តាមរយៈរដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
ការដាក់ទណ្ឌកម្មថ្មីពីសហភាពអឺរ៉ុប រួមមានរដ្ឋមន្ត្រីថាមពលភូមា លោក មូ មិនអ៊ូ (Myo Myint Oo) អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ មួង មួងអៃ (Maung Maung Aye) មេទ័ពជើងទឹក លោកឧត្តមនាវីឯក មូ អួង (Moe Aung) និងប្រធានក្រុមហ៊ុនចំនួនបី ដែលជាអ្នកផ្គត់ផ្គង់អាវុធដល់របបយោធាភូមា។
ចំណែកលោកឧត្តមសេនីយទោ កូ កូមួង (Ko Ko Maung) ដែលជាមេបញ្ជាការយោធាសម្រាប់គ្រប់គ្រងរដ្ឋ កាចិន ក៏ត្រូវបានសហភាពអឺរ៉ុប ដាក់ឈ្មោះឲ្យទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ចំពោះការវាយប្រហារតាមអាកាស ការសម្លាប់រង្គាល ការវាយឆ្មក់ ការដុតបំផ្លាញ និងការប្រើប្រាស់មនុស្សជាខែល សម្រាប់ការពារយោធានៅក្នុងរដ្ឋ កាចិន»។
ចំណែកលោក វរសេនីយ៍ទោ មូ មីន (Myo Myint) ដែលពីមុនបម្រើការជាចៅក្រមតុលាការយោធាភូមា ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ នៅក្នុងខែកក្កដា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ក្នុងអំឡុងពេលកាន់តំណែងជាចៅក្រមតុលាការយោធា សមាជិកបក្សប្រឆាំងជាច្រើននាក់ ត្រូវបានកាត់ទោសប្រហារជីវិត និងជាប់ពន្ធនាគារ។ ដូច្នេះ បុគ្គលនេះត្រូវទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីរដ្ឋប្រហារ ឆ្នាំ២០២១»។
រដ្ឋាភិបាលរួបរួមជាតិភូមា ដែលស្ថិតនៅក្រៅប្រទេស បានស្វាគមន៍ចំពោះចំណាត់ការរបស់សហភាពអឺរ៉ុប ចំពោះទណ្ឌកម្មថ្មីនេះ។
លោកស្រី អានណា រ៉ូប៊ើត (Anna Roberts) នាយកប្រតិបត្តិ យុទ្ធនាការដើម្បីភូមាពីចក្រភពអង់គ្លេស (Burma Campaign UK) បាននិយាយថា «ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបទាំងនេះ គឺចំគោលដៅល្អណាស់ សំដៅការវាយប្រហារតាមអាកាស និងការផ្គត់ផ្គង់អាវុធ និងឧបករណ៍ ព្រមទាំងគោលដៅបុគ្គលដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ សហភាពអឺរ៉ុបមានវិធីសាស្រ្តត្រឹមត្រូវ ប៉ុន្តែកំពុងដើរយឺតពេក ក្នុងការអនុវត្តទណ្ឌកម្មទាំងនេះ»។
មន្ត្រីភូមា និងមហាសេដ្ឋីភូមា ដែលមានឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុប រួមមានបុគ្គលចំនួន ៩៣នាក់ និងស្ថាប័នរដ្ឋចំនួន១៨ ត្រូវប្រឈមនឹងការបង្កកទ្រព្យសម្បត្តិ ហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសក្នុងសហភាពអឺរ៉ុប ហើយពលរដ្ឋ និងអង្គភាពទាំងអស់របស់សហភាពអឺរ៉ុប ត្រូវបានហាមឃាត់មិនឲ្យរកថវិកាសម្រាប់បុគ្គល ដែលមានឈ្មោះទណ្ឌកម្ម រួមទាំងអង្គភាពរដ្ឋ។
ការបន្ថែមឈ្មោះចុងក្រោយបំផុតទៅក្នុងបញ្ជីទណ្ឌកម្ម គឺជាការដាក់ទណ្ឌកម្មជុំទីប្រាំមួយ របស់សហភាព ដែលបានដាក់លើភូមា ចាប់តាំងពីក្រុមយោធាបានដណ្តើមអំណាច ដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ របស់លោកស្រី អួងសាន ស៊ូជី (Aung San Suu Kyi) កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១៕