ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនស្ត្រីកូនតុងទីនម្នាក់ ពាក់ព័ន្ធនឹងការកិបកេងលុយតុងទីន ជាង៣៣ម៉ឺនដុល្លារអាមេរិករួចរត់គេចខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការ ឃាត់ខ្លួនស្ត្រី សង្ស័យ ម្នាក់ជាអ្នកលេងតុងទីន និង ត្រូវជាកូនតុងទីន ពាក់ព័ន្ធនឹងការចេញ សែកស្អុយ និង កិបកេងលុយតុងទីន ចំនួន រាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ស្រ្តីសង្ស័យ រូបមានឈ្មោះ ភ័ណ្ឌ​ ស៊ីវម៉ី អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង ដោយយោង តាមពាក្យបណ្តឹង ឈ្មោះ គង់ ណាក់នីន រស់នៅលេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងតែបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់ ស្ថាប័ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ទេព ច័ន្ទ