ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុម​ឈ្មួញនៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់​ច្រកបុសមន ខេត្តស្វាយរៀង​

ស្វាយរៀង៖ បើតាមមន្ត្រីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានអះអាងប្រាប់សារព័ត៌មានដេលីខ្មែរ ដោយ​សុំលក្ខណ្ណមិន​បញ្ចេញឈ្មោះថា​​ បច្ចុប្បន្នឈ្មួញទាំងធំទាំងតូច នៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ហើយជាប្រភពចំណូលរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ថែមទៀត​ផង។​​

ក្រុមឈ្មួញនិងមន្រ្តីខាងលើ​និយាយថា លោក គង់ ណារិន្ទ ហ៊ានប្រើអំណាច និងតួនាទីប្រមូលលុយច្រើនឆ្នាំកន្លងទៅនេះគឺដោយសារអាងមានខ្នងបង្អែករឹងមាំ ហើយមានការបែងចែកផលប្រយោជន៍ជាប្រចាំ។ ជាក់ស្ដែងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹងបើទោះបីរឿងអាស្រូវ លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ក៏ដោយ។


មន្ត្រីនៅច្រកបុសមន បានឲ្យដឹងទៀតថា ឈ្មួញធំដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះសុទ្ធតែមានទំនាក់ទំនងជាមួយលោក គង់ ណារិន្ទ ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចដំណើរការយ៉ាងរលូន។ ឈ្មួញទាំងធំទាំងតូចគ្មានអ្នកណាអាចរំលងលោក គង់ ណារិន្ទ បានទេ គឺត្រូវបង់លុយតាមការកំណត់របស់លោក គង់ ណារិន្ទ ព្រោះលោក គង់ ណារិន្ទ មានអំណាចខ្លាំងជាងគេក្នុងការបើកបារ៉ាស់ច្រកព្រំដែនឲ្យឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់។

ជាងនេះទៅទៀត ករណី លោក គង់ ណារិន្ទ អាចប្រព្រឹត្តយ៉ាងរលូនគឺ មានកិច្ចសហការពីសំណាក់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដែលល្បីល្បាញខាងពុករលួយផងដែរ។
ព័ត៌មាន​​ ស្និទ្ធនឹងលោក គង់ ណារិន្ទ លើកឡើង​​ថា បើគ្មានខ្នងបង្អែករឹងមាំទេនោះ គឺលោក គង់ ណារិន្ទ មិនអាចរក្សាតំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន បានយូរអង្វែងរហូតមកដល់ពេលនេះឡើយ។

រហូតមកដល់អំឡុងខែឧសភា ឆ្នាំ២០២២ នេះឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ដូច្នេះក្នុងមួយថ្ងៃៗលោក គង់ ណារិន្ទ អាចប្រមូលលុយលើតុក្រោមតុបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

ជុំវិញបញ្ហាខាងលើនេះថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញខ្លះផង ព្រោះរឿងអាស្រូវ និងការបណ្តោយ​​ឲ្យ​ឈ្មួយ​ដឹកទំនិញតាមអំពើចិត្ត របស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។