ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)

ភ្នំពេញ៖ លោក​​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោក​​រដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះ ADB ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រដល់ក្រសួង ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក​​បានជម្រាបដល់តំណាង ADB អំពីគម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលត្រូវធ្វើយ៉ាងណាឱ្យស្របទៅនឹងគោលនយោបាយរបស់ក្រសួង គឺធានានូវសន្តិស្បៀង ប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច តាមរយៈការធ្វើផលិតកម្មដោយបច្ចេកទេសកសិកម្មទំនើប ផលិតផលមានគុណភាពល្អតាមស្ដង់ដារ និងជាពិសេសគឺត្រូវដាំដុះកសិផលស្របតម្រូវតាមទីផ្សារ ជាកសិផលដែលមានតម្លៃបន្ថែមខ្ពស់ ដោយមិនធ្វើការប្រកួតប្រជែងលើបរិមាណឡើយ។
លើសពីនេះទៀត ក្រសួងត្រូវការធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ និងមានឆន្ទៈចូលរួមធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវ។

ក្រសួងនឹងផ្តល់ការគាំទ្របច្ចេកទេស និង SPS ដល់វិស័យឯកជន ព្រមទាំងចូលរួមជំរុញដល់អ្នកផលិតឱ្យមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ រក្សាស្ថិរភាពនៃការផ្គត់ផ្គង់និងតម្លៃតាមកិច្ចសន្យា។ មួយវិញទៀត ឯកឧត្តម នឹងជំរុញក្រុមការងារ GMS លើវិស័យកសិកម្មឆ្នាំ២០២៤ខាងមុខនេះ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕