ថៃ៖ គណបក្សភឿថៃត្រូវបានគេរំពឹងថា នឹងបង្កើតក្រុមចម្រុះជាមួយគណបក្ស Move Forward Party (MFP) ខណៈដែលលទ្ធផលបោះឆ្នោតមិនផ្លូវការបានបង្ហាញថា គណបក្សទាំងពីរទទួលបានសំឡេង គាំទ្រប្រកៀកប្រកិតគ្នានៅ ក្នុងការប្រណាំងដ៏តឹងតែងមួយ។
គិតត្រឹមម៉ោង ១០ និង ៣០នាទីយប់ គណបក្សចំនួនពីរមកពីប្លុកប្រឆាំងមុន គឺគណបក្សភឿថៃ និងគណបក្ស Move Forward Party (MFP) កំពុងឈានមុខគេទាំងការប្រណាំងក្នុងមណ្ឌលបោះឆ្នោត និងបញ្ជីគណបក្ស ខណៈដែលការរាប់សន្លឹក ឆ្នោតនៅតែត្រូវបានធ្វើឡើង។ ដោយលទ្ធផលក្រៅផ្លូវការរំពឹងថានឹងមាននៅប្រហែលម៉ោង ១១ យប់ នេះបើយោងតាម EC ។
លោក Srettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សភឿថៃ បាននិយាយថា លទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សភឿថៃ នៅតែនាំមុខ មិនមែនគណបក្ស MFP ទេ។
លោកបាននិយាយថា “ខ្ញុំនៅតែមានទំនុកចិត្តថា ភឿថៃ នឹងឈ្នះការបោះឆ្នោត” ដោយបន្ថែមថា លោក និងលោក Pita Limcharoenrat ដែលជាប្រធាន MFP មិនទាន់បានពិភាក្សាគ្នាអំពីការបង្កើតរដ្ឋាភិបាលតាមទូរស័ព្ទនៅឡើយទេ។
លោក Srettha បានថ្លែងថា៖ «យើងនឹងពិភាក្សាបញ្ហានេះជាមួយសម្ព័ន្ធមិត្តរបស់យើងដែលចែករំលែកនូវមនោគមវិជ្ជាប្រជាធិបតេយ្យជាមុនសិន។
នៅពេលសួរថា តើលោកមានការព្រួយបារម្ភអំពីការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតដែរឬទេ លោកថា គណបក្សបានបញ្ជូនមន្ត្រីទៅសង្កេតការរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត។
នៅពេលសួរអំពីលទ្ធផលក្រៅផ្លូវការដែលបង្ហាញថា MFP បាននាំមុខនៅក្នុងមណ្ឌលបោះឆ្នោតទាំង ៣៣ ក្នុងទីក្រុងបាងកក លោកបានសារភាពថា លោកមានការខកចិត្ត និងភ្ញាក់ផ្អើលបន្តិច។ នៅពេលសួរថា តើលោកអន់ចិត្តដែលគណបក្សភឿថៃអាចនឹងមិនឈ្នះការបោះឆ្នោតដោយភ្លូកទឹកភ្លូកដីដូចអ្វីដែលខ្លួនបានសង្ឃឹមនោះទេ លោកឆ្លើយថាមិនមែនទេ៕