បណ្ដាមេដឹកនាំនៃប្រទេសទាំងប្រាំពីរ (G7) គ្រោងនឹងរឹតបន្តឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ជាមួយនឹងវិធានការផ្តោតលើថាមពល និងការនាំចេញដែលជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងម៉ូស្គូ ។
នេះបើតាមក្រុមមន្ត្រីដែលដឹងព័ត៌មានផ្ទាល់អំពីការពិភាក្សានោះបាននិយាយថា វិធានការថ្មីដែលត្រូវបានប្រកាសដោយបណ្ដាមេដឹកនាំក្នុងអំឡុងកិច្ចប្រជុំថ្ងៃទី១៩ ដល់ ២១ ខែឧសភានឹងកំណត់គោលដៅលើការបញ្ចៀសទណ្ឌកម្មដែលពាក់ព័ន្ធនឹងក្រុមប្រទេសទីបី ហើយព្យាយាមបំផ្លាញដល់ការផលិតថាមពលនាពេលអនាគតរបស់រុស្ស៊ី ព្រមទាំងទប់ស្កាត់ពាណិជ្ជកម្មដែលគាំទ្រដល់យោធារបស់រុស្ស៊ីផងដែរ។
ដោយឡែក ក្រុមមន្ត្រីអាមេរិកក៏រំពឹងថា សមាជិក G7 ក៏នឹងយល់ព្រមកែសម្រួលវិធីសាស្រ្តរបស់ពួកគេផងដែរចំពោះការដាក់ទណ្ឌកម្មយ៉ាងហោចណាស់សម្រាប់ប្រភេទទំនិញមួយចំនួន ដែលធ្វើឲ្យការនាំចេញទាំងអស់ត្រូវជាប់បម្រាមដោយស្វ័យប្រវត្តិ លុះត្រាតែស្ថិតនៅក្នុងបញ្ជីទំនិញដែលត្រូវបានអនុម័ត។
ចំណាត់ការរបស់មេដឹកនាំ G7 លើរុស្ស៊ី កើតឡើងនៅពេលដែលសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនស្វែងរកវិធីថ្មីដើម្បីរឹតបន្តឹងទណ្ឌកម្មដែលបានដាក់រួចហើយលើរុស្ស៊ី ចាប់ពីការគ្រប់គ្រងការនាំចេញ រហូតដល់ការរឹតបន្តឹងទិដ្ឋាការ ព្រមទាំងទប់តម្លៃប្រេង ដែលបានដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប៉ុន្តែពុំបានបញ្ឈប់ការលុកលុយទ្រង់ទ្រាយធំដែលបានចាប់ផ្តើមកាលជាងមួយឆ្នាំមុននោះទេ៕