សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ដែលធ្វើឡើងនៅវិមានសន្តិភាព នៅរសៀល ៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដ៏ទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។
ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ ទន្ទឹមគ្នានេះ កម្ពុជាអាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។ លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ញៀវទេសចរពីប្រទេសនេះបានផងដែរ៕