ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីបន្តពង្រឹងសាមគ្គី ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ភ្នំពេញ៖ សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលការងារ ដែលនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ សម្រេចបាននៅក្នុងឆ្នាំ២០១៨ និងស្នើមន្ត្រីទាំងអស់ បន្តពង្រឹងវប្បធម៌សាមគ្គី  ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេសនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមជូនក្រសួងពាណិជ្ជកម្ម។

លោកអនុរដ្ឋលេខាធិការ បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំឡើងនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ។

លោក សំហេង បូរ៉ា បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រី ក្នុងការបំពេញភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ ជូនក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល រហូតទទួលបានកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងបានចែករំលែកបទពិសោធន៍ និងបាននូវផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីដោះស្រាយប្រឈមរបស់នាយកដ្ឋាន សំដៅបង្កើនប្រសិទ្ធភាពការងារថែមទៀត។

លោក សំហេង បូរ៉ា បានបញ្ជាក់ថា «ការអនុវត្តគម្រោងមានភាពស្មុគ្រស្មាញ ទាមទារឱ្យមានកិច្ចសហការគ្រប់ផ្នែក ជាមួយភាពទទួលខុសត្រូវខ្ពស់ កន្លងមកយើងធ្វើកិច្ចការនេះបានល្អណាស់ ដូច្នេះសូមពង្រឹងវប្បធម៌ការងារនេះបន្តទៀត ដើម្បីឈានទៅសម្រចការងារធំៗថែមទៀត ជូនថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិរបស់យើង» ។

លោកអនុរដ្ឋលេខាធិការ បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រៀបចំឯកសារ និងត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីសម្របសម្រួលជាមួយស្ថាប័នអន្តរក្រសួង និងដៃគូអភិវឌ្ឍន៍អន្តរជាតិ សម្រាប់ការដាក់សម្ពោធជាផ្លូវការណ៍ នូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ជំនាន់ទី៤ ដែលគ្រោងនឹងរៀបចំឡើង នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅខែកក្កដា ខាងមុខ៕