ភ្នំពេញ: លោក ឯល រ៉ូហ្សែត ប្រធាន និងលោក ហៃ ស៊ីណា លោក សួស សុវត្ថិ សមាជិក ក្រុមការងារបក្សប្រចាំខត្ត កាណាហ្គាវ៉ា សៃតាម៉ា និង ហ្គូនម៉ាក់ នៅប្រទេសជប៉ុន នាយប់ថ្ងៃទី១៥ខែកក្កដានេះ បានទទួល ស្វាគមន៍ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងលោកស្រី ខោ សុផាន់ណារ៉ា ជាប្រធាន ប្រចាំខេត្តសៃតាម៉ា នៅប្រទេសជប៉ុននៃគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញមកប្រទេសកម្ពុជា។
ក្នុងឳកាសនោះលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងជាប្រធានគណ:កម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន បានសម្តែងអារម្មណ៍រំភើពបំផុត ពេលឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើន ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបានលើកឡើងថា មានតែគណបក្សប្រជាជន កម្ពុជា ដែលបានរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម ។ ក្នុងរយះពេល៤៣ឆ្នាំកន្លងមកនេះក្រោមការដឹកនាំគណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសជាតិរីកចម្រើនល់ើគ្រប់វិស័យទាំងអស់ ។
លោកឯកអគ្គរាជទូត ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
សម្រាប់ លោកស្រី ខោ សុផាន់ណារ៉ា ជាប្រធាន ប្រចាំខេត្តសៃតាម៉ា នៅប្រទេសជប៉ុននៃគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការគោរព និងដឹងគុណ ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលតែងតែគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មបម្រើជាតិរយៈពេល ៤៣ឆ្នាំមកនេះ។
លោកស្រីបន្ថែមថា” យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីកសាង និងការពារប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង និងស្ថិតស្ថេរគង់វង្សជារៀងរហូត”។