ក្រចេះ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែងជាង១ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គិតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៣ សម្រេចការសាងសង់បាន ១៤.១០ ភាគរយហើយ។
ការដ្ឋានសាងសង់នេះ ត្រូវបានប្រកាសបើកកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
គម្រោងនេះអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ នឹងបញ្ចប់នៅឆ្នាំ២០២៦ ដែលគ្រោងចំណាយថវិកាប្រមាណជាង ១១៤ លានដុល្លារ។
គម្រោងស្ពាននេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗដូចជាត្រើយខាងលិចតភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ ៧១A តាមបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ។ ចំណែកនៅត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តកំពង់ចាមឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕