ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.និងក្រុមឯកទេសផលិតផលហាឡាល បានចុះអប់រំ និងផ្សព្វផ្សាយកិច្ចការហាឡាលនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

ភ្នំពេញ:មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជក ម្មសហការជាមួយក្រុមឯកទេសផលិតផលហាឡាល កាលនៅពីរសៀលថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះបាន ចុះអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអាហារដ្ឋានតូបអាហារ អាជីរករ និងបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវព្រែកប្រា ស្ថិតនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះផងដែរ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. ស្តីពីការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងខិត្តប័ណ្ណផ្សព្វផ្សាយពាក់ព័ន្ធនឹងកិច្ចការហាឡាលជូនដល់ម្ចាស់ទីតាំងអាហាដ្ឋានតូបអាហារ អាជីវករ និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ឱ្យបានស្វែងយល់ពីកិច្ចការហាឡាល អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាល ការប្រើប្រាស់ស្លាកសញ្ញាហាឡាលត្រឹមត្រូវ ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា និងយន្តុការអនុវត្តច្បាប់របស់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងករណីប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ដោយគ្មានការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេក ទេស ស្ដង់ដារផលិតផលហាឡាលកម្ពុជាបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចែកនូវខិត្តបណ្ណពាក់ព័ន្ធនឹងកិច្ចការហាឡាល និងបានពន្យល់ដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ឱ្យបានស្វែងយល់ពីកិច្ចការហាឡាល និងស្គាល់ពីស្លាកសញ្ញាហាឡាលកម្ពុជា ដើម្បីទទួលបាននូវផលិតផលហាឡាល និងសេវា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាលទ្ធផល មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.និងក្រុមឯកទេសផលិតផលហាឡាល បានចែកខិត្តបណ្ណបានចំនួន ៤០០សន្លឹក សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប.ស្តីពីការប្រើប្រាស់ស្លាកសញ្ញាហាឡាលបានចំនួន ៥០ច្បាប់ ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហាឡាលកម្ពុជាបានចំនួន ១៦ច្បាប់ និងបានធ្វើការណែនាំ និងបានធ្វើកិច្ចសន្យាកែតម្រូវ លើទីតាំងអាហារដ្ឋាន និងតូបអាហារ ដែលប្រើប្រាស់ស្លាកសញ្ញាហាឡាលមិនប្រក្រតីបានចំនួន ៩ទីតាំង។

សូមបញ្ជាក់ថា ការដាក់ពាក្យស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា មានតែនៅនាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មតែមួយគត់។
សម្រាប់ព័ត័មានបន្ថែម អាចទំនាក់ទំនងមកកាន់នាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ក.ប.ប. ឬតាមទូរស័ព្ទលេខ ០៧១ ៩៦៩ ៣៣៦៣។