ភ្នំពេញ:នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ។
ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកទឹកចិត្ត និងអំពាវនាវដល់មន្ត្រីរាជការរបស់ក្រសួង និងមន្ទីរតាមរាជធានី-ខេត្ត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តចូលរួមគោរពទង់ជាតិ ដែលមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យ និងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ។
យ៉ាងណាក្តី ការចូលរួមគោរពទង់ជាតិធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយលើកលែងចំពោះអ្នកដែលមានបញ្ហាសុខភាព និងអ្នកដែលមានធុរៈក្នុងគ្រួសារចាំបាច់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់អង្គភាពជំនាញរបស់ក្រសួង ឱ្យរៀបចំពង្រឹងកិច្ចការងារ និងស្តង់ដារនៃការប្រតិបត្តិ ធ្វើយ៉ាងណាធានាដំណើរការការងារឱ្យរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាពិសេស អង្គភាពជំនាញនៃក្រសួង ក៏ត្រូវពិនិត្យបន្ថែម លើការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលជំនាញ និងកិច្ចប្រជុំចាំបាច់ទាំងឡាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ។
ជាការផ្តាំផ្ញើ លោករដ្ឋមន្ត្រីក៏បានជំរុញដល់អង្គភាពនីមួយៗឱ្យខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ដើម្បីធានាដំណើរការការងារ និងការផ្តល់សេវាជូនដល់បងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋឱ្យលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់៕









#MLVT #HENGSour