ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារបង្ហាញពីវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់វិនិយោគិនជប៉ុនដែលចង់រកឱកាសវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគមកពីប្រទេសជប៉ុនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្នុងគោលបំណងផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា។

ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រីបានជម្រាបអ្នកវិនិយោគិនជប៉ុនពីការរីកចម្រើននៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងការបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរនៅតាមរោងចក្រសហគ្រាសនិងបានបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំងពលកម្មជាច្រើនម៉ឺននាក់ក្នុងរយៈពេលមួយឆ្នាំៗដែលជាសក្តានុពលមួយសម្រាប់អ្នកវិនិយោគិនបរទេស ។

ក្នុងជំនួបនោះដែរ អ្នកវិនិយោគិនជប៉ុន បានបង្ហាញពីសក្តានុពលអាជីវកម្មរបស់ខ្លួន និងតម្រូវការការងារដែលក្រុមហ៊ុនជប៉ុនកំពុងមានតម្រូវការ។ បន្ថែមពីនេះ គណៈប្រតិភូវិនិយោគជប៉ុន បានសរសើរពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាដែលរីកចម្រើនលើគ្រប់វិស័យ។

ទន្ទឹមនោះ លោករដ្ឋមន្ត្រីរំពឹងថាអ្នកវិនិយោគជប៉ុននឹងអាចបង្កើនការបោះទុនវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនខណៈដែលកម្ពុជាមានសក្តានុពលទាំងកម្លាំងពលកម្ម និងបរិយាកាសការងារ៕

#MLVT #HENGSour