ភ្នំពេញ: ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញ មតិ និងការទទួលខុសត្រូវ» ប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដែលរៀបចំធ្វើឡើងនៅ DIAMOND BUSINESS CENTER។
វាគ្មិនចូលរួមក្នុងកិច្ចពិភាក្សារួមមាន ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, លោក ប៉ា ប៉ុណ្ណារ៉ាដា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា, Mr. Pierre Gillette អតីតអ្នកកាសែតបារាំង, លោកបណ្ឌិត Digby James WREN អ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី។
កិច្ចពិភាក្សាខាងលើនេះក៏មានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានជាង៨០នាក់ មកពី៤៦ស្ថាប័ន។ គោលបំណងនៃកិច្ចពិភាក្សាខាងលើនេះ កឺដើម្បីលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការបង្កើនការទទួលខុសត្រូវ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកសាងសង្គមមួយដែលមានលក្ខណៈស៊ីវីល័យ និងសុខដុមរមនា។