ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺថ្ងៃ ១១ និង១២ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។
អញ្ជើញអមដំណើរសម្ដេចធិបតីទៅកាន់ប្រទេស វៀតណាម រួមមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧបនា យករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។
បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្ដីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ។
សម្ដេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ង្វៀន ហ្វូចុង (NGU YEN Phu Trong) អគ្គលេខាធិការនៃគណៈកម្ មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និង លោក រឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម សម្ដេចធិបតី ក៏នឹងអនុញ្ញាតឱ្យលោកស្រី ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីគោលនយោ បាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀត ណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្ដរជាតិ នៅទីក្រុងហាណូយ។
ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលនេះ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕