ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពិសោធន៍ SPEC Bio Laboratory inc. រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាពដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០ ២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម និងលោក Anzo Hiroshi ទីប្រឹក្សាបង្កើនគម្រោងនៃអង្គការ JICA (Project Formulation Advisor of JICA) បានធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាពដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា»។

សិក្ខាសាលានេះក៏មានកាអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានាព្រឹកនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងថា នេះជាលើកទី២ហើយ ដែលអគ្គនាយកដ្ឋាន ក.ប.ប. និង SPEC បានរៀបចំសិក្ខាសាលានេះ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) តាំងពីឆ្នាំ២០១៩ មក។

សិក្ខាសាលានេះមានគោលបំណងរៀបចំផែនការចុះទៅពិនិត្យទីកន្លែងដោយផ្ទាល់ផលិតដោយផ្ទាល់ដើម្បីស្វែងរកឱ្យឃើញនូវចំណុចខ្វះខាតក្នុងការអនុវត្តអនាម័យក្នុងផលិតកម្ម ធ្វើយ៉ាងណាកាត់បន្ថយហានិ ភ័យដល់កម្រិតអប្បបរមាក្នុងផលិតកម្ម។

ការរៀបចំផែនការសកម្មភាពដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា គឺទាមទាឱ្យមានការចូលរួមសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារទាំងអស់នៅក្នុងព្រះរាជាណាចក្រម្ពុជា។

យោងតាមលទ្ធផលវិភាគ ដែលបានរកឃើញវត្តមានបាក់តេរីបង្កជំងឺក្នុងផលិតផលម្ហូបអាហារមួយចំនួន និងបានចុះទៅពិនិត្យនៅកន្លែងសិប្បកម្មផលិតម្ហូបអាហារដោយផ្ទាល់ ដោយមានការសម្របសម្រួលពីវិទ្យាស្ថានស្តង់ដាកម្ពុជា ហើយបានរកឃើញនិងកត់សម្គាល់នូវចំណុចខុសឆ្គងដែលជាបុព្វហេតុនៃការចម្លងបាក់តេរីទៅក្នុងផលិតផលម្ហូបអាហារ ហើយមន្រ្តីជំនាញក៏បានផ្តល់ជាអនុសាសន៍ដល់បណ្ដាសិប្បកម្មដើម្បីជាការកែតម្រូវខ្សែចង្វាក់ផលិតកម្មឱ្យស្របតាមស្តង់ដាអនាម័យម្ហូបអាហារ។

នៅក្នុងសិក្ខាសាលានេះដែរ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញពាក់ព័ន្ធលទ្ធផលវិភាគតាមដានលើវត្តមានអតិសុខុមប្រាណនៅក្នុងម្ហូបអាហារ និងមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ SPEC បានធ្វើបទបង្ហាញលើផែនការសកម្មភាពដែលយោងលើលទ្ធផលវិភាគក្នុងឆ្នាំ២០២៣។

គោលការណ៍ HACCP និងការអនុវត្តសាកល្បងដោយផ្អែកលើផែនការសកម្មភាព HACCP) និងបទបង្ហាញ លើផែនការគម្រោងរបស់អង្គការ JICA ឆ្នាំ២០២៤ (វាយតម្លៃដើម្បីធ្វើការកែតម្រូវ ការវិភាគ មីក្រូជីវសាស្រ្តនិងគីមីសាស្រ្ត នៅអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងសំណើធ្វើកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ)។