ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ ៖ គាំទ្រគំរោងផ្តល់ឥណទានខ្នាតតូចដល់កសិករ សហគមន៍កសិកម្មដាំដុះបន្លែសុវត្ថិភាព

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគាំទ្រគំរោងផ្តល់ឥណទានខ្នាតតូចដល់កសិករ សហគមន៍កសិកម្មដាំដុះបន្លែសុវត្ថិភាព និងដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៅកម្ពុជា ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ប្រជុំជាមួយក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាព ជាមួយអ្នកជំនាញការជប៉ុនលើវិស័យកសិកម្មឲ្យធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ស្តីពីខ្សែច្រវ៉ាក់ផលិតកម្មបន្លែសុវត្ថិភាពនៅប្រទេសជប៉ុន។  និងមានវត្តមានតំណាងក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពប្រមាណជាង១០ក្រុមហ៊ុននៅភ្នំពេញ។

លោកកៅ ថាច បានមានប្រសាសន៍ថា ក្នុងនាមជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្នុងនាមលោកផ្ទាល់ ចង់មើលឃើញកសិករ ឬសហគមន៍ដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា អាចធ្វើការផ្គត់ផ្គង់បន្លែសុវត្ថិភាពគ្មានជាតិគីមីចូលទីផ្សារប្រកបដោយចេរភាព តាមស្តង់ដារ ហើយមានបច្ចេកទេសខ្ពស់ក្នុងការដាំដុះ។

លោកបានបញ្ជាក់ទៀតថា ការដាំដុះបន្លែសុវត្ថភាពនៅកម្ពុជា ដែលជាផ្នែកមួយក្នុងចំណោមគំរោងផ្សេងៗរបស់ធនាគារអភិវឌ្ឍន៍ជនបទ  បានត្រៀមក្រុមការងារ អ្នកជំនាញការបច្ចេកទេសកសិកម្ម និង ថវិកាឥណទានដោយអត្រាការប្រាក់អនុគ្រោះបំផុតដើម្បីផ្តល់ជូនកសិករ ឬសហគមន៍កសិកម្មដាំដុះបន្លែសុវត្ថភាពនៅកម្ពុជា ។

លោក កៅ ថាច បានស្នើសុំឲ្យក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាព ធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដោយអនុវត្តកិច្ចសន្យាកសិកម្មឲ្យបានច្បាស់លាស់ជាមួយកសិករ ឬសហគមន៍ដាំដុះបន្លែ។ហើយធនាគារអភិវឌ្ឍន៍ជនបទធានាទំលាក់ឥណទានដោយអត្រាការប្រាក់អនុគ្រោះដល់កសិករ ឬសហគមន៍ ហើយក្រុមហ៊ុនត្រូវធានាទិញពីកសិករ ឬសហគមន៍ដែលដាំដុះបានស្របតាមស្តង់ដារចូលទៅលក់លើទីផ្សារវិញ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះធនាគារអភិវឌ្ឍន៍ជនបទ បាន និងកំពុងធ្វើការជាមួយកសិករ និងសហគមន៍កសិកម្មបានខ្លះៗមកហើយនៅតាមបណ្តាខេត្តមួយចំនួន ព្រមជាមួយអ្នកជំនាញការផ្នែកកសិកម្មនៅក្នុងស្រុក និងបរទេសមានវត្តមាននៅកម្ពុជាមានដូចជាជំនាញការជប៉ុន និងអ៊ីស្រាអ៊ែលជាដើម ៕