ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឡាវនឹងបើកការហោះហើរ មកកម្ពុជាឡើងវិញនាខែតុលាឆ្នាំ២០១៩ខាងមុខ

ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ (Loas Airline) របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នឹងបើកការហោះ ហើរមកកាន់កម្ពុជាឡើងវិញនាអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយពីផ្អាកការហោះហើរអស់មួយរយៈកន្លងមក។

គោលដៅសំខាន់នៅចំពោះសម្រាប់ការហោះហើរនេះរួមមានរាជធានីភ្នំពេញ សៀមរាប-អង្គរ ព្រះសីហនុ និងខេត្តផ្សេងទៀតនៅតំបន់ឆ្នេរ។

ដំណឹងដ៏ល្អនេះត្រូវបានបង្ហាញឡើងនាឱកាសជំនួបពិភាក្សារវាងូោ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា លោក អាមផៃ គីនដាវង្ស (Amphay Kindavong) នៅទីស្ដីការក្រសួងទេសចរណ៍កាលពីសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ឱ្យដឹងថា នាអំឡុង ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ នឹងចាប់ផ្ដើមបើកការហោះហើរត្រង់មកកាន់កម្ពុជាឡើងវិញ ក្នុងនោះឡាវនឹងបើកការហោះហើរត្រង់ដំបូងពីរដ្ឋធានីវៀងចន្ទន៍មករាជធានីភ្នំពេញ ហើយនឹងបើកការហោះហើរមកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុជាបន្តបន្ទាប់ទៀត។

ពិសេសលើសពីនេះ លោក ឯកអគ្គរដ្ឋទូតឡាវបានបង្ហើបថា ពេលដែលព្រលានយន្តហោះនៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ខេត្តកោះកុង ត្រូវបានសាងសង់រួចរាល់នៅក្រោយឆ្នាំ២០២០ ឡាវនឹងបន្តបើកការហោះហើរត្រង់ទៅកាន់កន្លែងនេះបន្ថែមទៀត ដើម្បីនាំភ្ញៀវទេសចរទៅទស្សនាកម្សាន្តនៅតារាសាគរនិងតំបន់នានានៅខេត្តកោះកុង។

ត្រង់ចំណុចនេះបង្ហាញថា ភ្ញៀវទេសចរឡាវ និងភ្ញៀវទេសចរប្រ ទេសទី៣ (ប្រហែលភាគច្រើនភ្ញៀវជនជាតិចិន) ហាក់ដូចជាចាប់អារម្មណ៍ខ្លាំង ចំពោះតំបន់វិស្សមកាលទេសចរណ៍តារាសាគរ និងតំបន់ទេសចរណ៍តាមមាត់សមុទ្ររបស់កម្ពុជា។

លោករដ្ឋមន្ត្រី ថោង ខុន បានឯកភាពជាមួយលោកឯកអគ្គរដ្ឋទូត ឡាវថា តាមរយៈការភ្ជាប់ជើងហោះហើរឡើងវិញនេះ កម្ពុជា-ឡាវ នឹងខិតខំរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ជូនដល់ភ្ញៀវទេសចរឱ្យកាន់តែសម្បូរបែបថែមទៀត ពិសេសគោលដៅទេសចរណ៍នៅតំបន់មាត់សមុទ្ររបស់កម្ពុជា។

មួយវិញទៀត កម្ពុជា-ឡាវ ក៏ចង់ឱ្យខ្សែទស្សនកិច្ច «គោលដៅទេស ចរណ៍បេតិកភណ្ឌពិភពលោក»កាន់តែត្រូវបានជំរុញឱ្យមានសកម្ម ភាពច្រើនឡើងថែមទៀត ដោយប្រទេសទាំងពីរក៏មានគោល ដៅទេសចរណ៍បេតិកភណ្ឌពិភពលោក«សៀមរាប-អង្គរ តំបន់ប្រាសាទសំបូរព្រៃគុកប្រាសាទព្រះវិហារ និងប្រាសាទវត្តភូរបស់ឡាវ» ផងដែរ ដែលតំបន់ប្រាសាទទាំងនេះសុទ្ធតែត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍កាលពីឆ្នាំ២០១៨ កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរឡាវប្រមាណជាង ៤២ម៉ឺននាក់។

ដោយឡែកក្នុងរយៈពេល៤ខែ ឆ្នាំ២០១៩នេះកម្ពុជាទទួលបានទេស ចរឡាវប្រមាណជាង ១២ម៉ឺននាក់ឈរលើចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមទេសចរអន្តរជាតិ ១០ប្រទេសដែលមកទស្សនាកម្ពុជា (Top 10)។

ប្រទេសឡាវត្រូវបានគេស្គាល់ថាជាប្រទេសសម្បូរទៅដោយតំបន់អេកូទេសចរណ៍និងតំបន់បេតិកភណ្ឌ ប៉ុន្តែប្រទេសឡាវមិនមានសមុទ្រនោះឡើយ៕