ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជីវប្រវត្តិ​៖សម្តេចអគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​

យោងតាម​សៀវភៅ “​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​” ​បោះពុម្ព នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣ បង្ហាញថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មាន​នាម​ដើម​ថា “​ហេង ហ៊ីម​” ហៅ “​រិ​ន​” កើត​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៣៤ ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្ត​ត្បូងឃ្មុំ ) ជាប់​ព្រំដែន​វៀតណាម​។​

​ចាប់តាំងពី​កុមារភាព រហូតដល់​អាយុ ១២​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក ម្តាយ ក្នុងភូមិ​ឃុំ​ស្រុកកំណើត​។ ពី​អាយុ ១២​ឆ្នាំ រហូតដល់​ឆ្នាំ​១៩៤៩ សម្តេច ហេង សំរិន រស់នៅ និង​រៀនសូត្រ​ជាមួយ​ព្រះសង្ឃ លោកគ្រូ “​គង់​សូ​” ជា​គ្រូសូត្រស្តាំ នៅ​វត្ត​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។​

​ពី​ឆ្នាំ​១៩៤៩ ដល់​ឆ្នាំ​១៩៥៤ បាន​បួស​រៀន​ពុទ្ធិកបឋមសិក្សា ចំនួន ៥​ឆ្នាំ នៅ​វត្ត​ត្រពាំង​ព្រីង រួច​ក្រោយមក នៅ​ឆ្នាំ​១៩៥៤ សម្តេច ហេង សំរិន បាន​លាចាក​សិក្ខាបទ មកជា​គ្រហស្ថ​វិញ​។​

​បន្ទាប់មក នៅ​ឆ្នាំ​១៩៥៥ សម្តេច ហេង សំរិន បាន​ចូលរួម​ជាមួយ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ធ្វើការ​ឃោសនាបោះឆ្នោត នៅក្នុង​ខេត្តកំពង់ចាម និង​ក្រោយ​ការបោះឆ្នោត​នោះ សម្តេច​ហេង​សំរិន បាន​ទៅធ្វើជា​កម្មករ​ចៀរ​ជ័រកៅស៊ូ នៅ​ចម្ការកៅស៊ូ​ក្រែក រហូតដល់​ចុងឆ្នាំ​១៩៥៦ ទើប​សម្តេច វិល​ត្រឡប់មក​ភូមិកំណើត​វិញ​។​

​នៅ​ឆ្នាំ​១៩៥៧ សម្តេច ហេង សំរិន បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​កញ្ញា “​សៅ ទៀប​” ហៅ “​សៅ ទី​” ដែល​បច្ចុប្បន្ន ជា​លោកជំទាវ សៅ​ទី ហេង​សំរិន​។ ក្រោយ​រៀបការ​រួច សម្តេច​ហេង​សំរិន បានរស់នៅ​ប្រកបមុខរបរ​រកស៊ី ធ្វើស្រែ ក្នុងភូមិ​អន្លង់​ជ្រៃ ដែលជា​ស្រុកកំណើត​។ សម្តេច មានកូន​បង្កើត ៤​នាក់ ( ស្រី ៣​នាក់ និង​ប្រុស ១​នាក់ ) រួមមាន​៖ ១-​ហេង​ពៅ ( ស្រី ) ២-​ហេង​សំ​អូន ( ស្រី​) ៣-​ហេង​សំណាង ( ប្រុស​) និង​៤-​ហេង​សំអាន (​ស្រី​)​។​

​នៅ​ឆ្នាំ​១៩៥៩ សម្តេច​ហេង​សំរិន បាន​ជួប​ជាមួយ​តំណាង​បក្ស​ប្រជាជន​ដិ​វត្ត​ន៍​ខ្មែរ ដើម្បី​ស្វែងរក​ទាក់ទង​ជាមួយ​កម្លាំង​បដិវត្តន៍​នៅ​វៀតណាម​ភាគខាងត្បូង ( ហៅ វៀត​កុង )​។​

​ដល់​ឆ្នាំ​១៩៦១ សម្តេច និង​ភរិយា បាន​ចូល​ជា​សមាជិក​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​។ បន្ទាប់មក សម្តេច ត្រូវបាន​ប្រធាន​ភូមិភាគ​បូព៌ា “​សោ ភឹម​” ចាត់តាំង​ជា​អនុប្រធាន​ក្រុម​នីរសា​បច្ចេកទេស​រប​ស់​ភូមិភាគ និង​បានប្រគល់​ភារកិច្ច​ឲ្យ​ចេញទៅ​ធ្វើ​សកម្មភាព នៅ​មូលដ្ឋាន​ភូមិ​ម្តងម្កាល​ផង​។​

​លុះ​ឈានដល់​ដើមឆ្នាំ​១៩៦៩ សម្តេច ហេង សំរិន ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរពេទ្យ​មួយ ស្ថិតនៅ​ខាងត្បូង​ភូមិ​សំរែ ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ហើយ​ក្រោយមក សម្តេច​ក៏ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​នៅក្នុង​កងអនុសេនាតូច​ផ្នែក​៦ តំបន់​២០​។​

​ដល់​ឆ្នាំ​១៩៧០ ពេល​លោក លន់ នល់ ធ្វើ​រដ្ឋប្រហារ ទម្លាក់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ភូមិភាគ ២០៣ បាន​ចាត់តាំង​សម្តេច ឲ្យ​ទទួល​តួនាទី​ជា​បន្តបន្ទាប់ គឺ​នៅ​ឆ្នាំ​១៩៧០ ជា​ប្រធាន​កងអនុសេនាធំ​។ នៅ​ឆ្នាំ​១៩៧១ សម្តេច​ហេង​សំរិន ជា​អនុប្រធាន​កងវរសេនាតូច និង​ឆ្នាំ​១៩៧២ សម្តេច​ជា​ប្រធាន​កងវរសេនាតូច​។

​នៅ​ឆ្នាំ​១៩៧៣ សម្តេច ហេង សំរិន ជា​ប្រថាន​កងវរសេនាធំ​កងទ័ព​ស្រួច​របស់​ភូមិភាគ​បូព៌ា ( ២០៣ ) បានរួម​ចំណែក​ចូលរួម​រំដោះ​ទីក្រុង​ភ្នំពេញ នា​ឆ្នាំ​១៩៧៥​។​

​ក្រោយ​ឆ្នាំ​១៩៧៥ តាម​បទបញ្ជា​របស់​ថ្នាក់លើ សម្តេច ហេង សំរិន ត្រូវ​វិលត្រឡប់​ទៅ​ភូមិភាគ​បូព៌ា​វិញ និង​បន្ទាប់មក សម្តេច​បាន​ធ្វើជា​ប្រធាន​កងពល​លេខ​៤​។​

​ដល់ពេល​ក្រោយមក ពួក ប៉ុល ពត បាន​ចោទប្រកាន់ថា ភូមិភាគ​បូព៌ា ក្បត់ ពួកវា​ក៏​បញ្ជូន​កម្លាំង​ទៅ​បង្ក្រាប​។ នៅពេលនោះ សម្តេច​ហេង​សំរិន និង​កងកម្លាំង ដែល​នៅ​សេសសល់ បាន​តស៊ូ​ប្រយុទ្ធ រហូត​ដល់ពេល​ចុងក្រោយ ខ្វះ​អាវុធយុទ្ធភណ្ឌ ខ្វះ​គ្រាប់រំសេវ ទើប​សម្តេច បង្ខំចិត្ត ត្រូវ​រំសាយ​កម្លាំង​ជា​ក្រុម​តូចៗ ហើយ​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម​។​

​សម្តេច ហេង សំរិន ក៏បាន​ចូលរួម​ជាមួយ​កម្លាំង​តស៊ូ​របស់​កម្ពុជា​ជាច្រើន​ទៀត វាយ​ផ្តួលរំលំ​របប​ប៉ុលពត រំដោះ​បាន​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩​។​

​នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​១៩៧៩ សម្តេច ហេង សំរិន ត្រូវបាន​ជាប់ឆ្នោត​ជា​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ត​កម្ពុជា ( បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ ) ជាមួយ​អស់លោក ០៦​នាក់​ទៀត រួមមាន​៖ លោក ប៉ែន សុវណ្ណ លោក​ជាស៊ីម លោក​ហ៊ុនសែន លោក​ប៊ូ​ថង លោក​វ៉ាន់​សន និង​លោក ចាន់គិរី​។​

​ក្នុងអំឡុងពេល ១៣​ឆ្នាំ ( ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ ) ក្រោម​ការដឹកនាំ​របស់​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​ក្រោយមក បាន​ប្តូរ​ឈ្មោះ​មកជា “​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​” បច្ចុប្បន្ន គឺ “​គណបក្ស​ប្រជាជន​កម្ពុជា​” សម្តេច ហេង សំរិន បានទទួល​តួនាទី ជា​បន្តបន្ទាប់ ដូចតទៅ​៖

​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​១៩៧៩ សម្តេច​ហេង​សំរិន ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​
​មកដល់​ដើមខែ​ឧសភា ឆ្នាំ​១៩៨១ មានការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា លើកដំបូង បន្ទាប់​ពីថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ នៅពេលនោះ សម្តេច បាន​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ មណ្ឌល​ភ្នំពេញ​។ បន្ទាប់មក មានការ​រៀបចំ​រដ្ឋាភិបាល​ថ្មី សម្តេច​ហេង​សំរិន ក៏ត្រូវ​ប្តូរ​តួនាទី ទៅធ្វើជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​វិញ​។​

​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​១៩៨១ ក្នុង​មហាសន្និបាត លើក​ទី​៤ របស់​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​ពេលនោះ ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា សម្តេច​ហេង​សំរិន ត្រូវបាន​ជាប់ឆ្នោត ជា​សមាជិក​ការិយាល័យ​នយោបាយ និង​ជា​សមាជិក​គណៈ​លេខា​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​។​

​បន្ទាប់មក នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​១៩៨១ សន្និបាត​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស លើក​ទី​២ អាណត្តិ​ទី​៤ បានធ្វើ​ការអនុម័ត ដក​លោក ប៉ែន សុវណ្ណ ពី​អគ្គលេខា​មជ្ឈិមបក្ស និង​ពី​សមាជិក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដោយសារ​មាន​កំហុស​ធ្ងន់ធ្ងរ​ក្នុងការ​ដឹកនាំ​។ បន្ទាប់មក សន្និបាត បាន​បោះឆ្នោត​ជ្រើសតាំង សម្តេច ហេង សំរិន ជា​អគ្គលេខា​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ក​ម្ព​បុ​ជា ដើម្បី​ឲ្យ​សម្តេច ដឹកនាំ​បក្ស​នាពេល​បន្តម​កទៀត​។​

​ដល់​ពាក់កណ្តាល​ខែតុលា ឆ្នាំ​១៩៨៥ ( ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​១៩៨៥ ) មហាសន្និបាត​តំណាង​បក្ស​ទូទាំងប្រទេស អាណត្តិ​ទី​៥ បាន​បោះឆ្នោត​ជ្រើសតាំង សម្តេច​ហេង​សំរិន ជា​អគ្គលេខា​គណៈកម្មាធិការ​មជ្ឈិមបក្ស និង​ជា​គណៈ​លេខា​មជ្ឈិមបក្ស​ម្តងទៀត​។​

​លុះដល់​ឆ្នាំ​១៩៩១ ( ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​១៨ ខែមេសា ) គណបក្ស បានសម្រេច​ប្តូរ​ឈ្មោះ​បក្ស​ពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា មកជា​គណបក្ស​ប្រជាជន​កម្ពុជា ពី​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស មកជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ពី​គណៈ​លេខា​មជ្ឈិមបក្ស មកជា​គណៈ​ប្រចាំការ​នៃ​គណៈកម្មាធិការ​កណ្តាល វិញ​។​

​ពេលនោះ មហាសន្និបាត បាន​បោះឆ្នោត​ជ្រើសរើស សម្តេច ជា ស៊ីម ជា​ប្រធាន​គណបក្ស សម្តេច ហ៊ុនសែន ជា​អនុប្រធាន​គណបក្ស និង​សម្តេច​ហេង​សំរិន ជា​ប្រធានកិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៩៣ មានការ​បោះឆ្នោត ក្រោម​ការចាត់ចែង​រប​ស់​អង្គការសហ​ប្រជា​ជាតិ ហៅ​កាត់​ថា អ៊ុនតាក់ សម្តេច​ហេង​សំរិន ត្រូវបាន​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​។​

​នៅ​ឆ្នាំ​១៩៩៤ សម្តេច​ហេង​សំរិន ត្រូវបានតែងតាំង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​នៅក្នុង​ឆ្នាំ​១៩៩៤ ដដែល សម្តេច​ក៏ត្រូវ​បានតែងតាំង​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស ៥​។ ប៉ុន្តែ​ដល់​ឆ្នាំ​១៩៩៥ ដោយមាន​ការកែសម្រួល​ឋានន្តរស័ក្តិ​ទូទាំង​កងទ័ព​ព សម្តេច​ក៏ត្រូវ​បាន​បន្ថយ​ស័ក្តិ​មក​នៅត្រឹម​ផ្កាយ​មាស ៤ វិញ​។​

​មកដល់​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​១៩៩៤ សម្តេច ហេង សំរិន បានទទួល​គោរមងារ ជា “​សម្តេច ហេង សំរិន​”​។​

​ក្នុងការ​បោះឆ្នោត ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៩៨ សម្តេច ហេង សំរិន ត្រូវបាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ចាម និង​ត្រូវបាន​រដ្ឋសភា បោះឆ្នោត​ជាប់​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​។​

​ក្នុងការ​បោះឆ្នោត ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០០៣ សម្តេច​ហេង​សំរិន ត្រូវបាន​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ដដែល និង​បន្ទាប់មក ត្រូវបាន​រដ្ឋសភា បោះឆ្នោត​ជាប់​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​។

​ដល់​ឆ្នាំ​២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​លាលែង​ពី​តំណែង​ប្រធានរដ្ឋសភា នៅពេលនោះ សម្តេច​ហេង​សំរិន ត្រូវបាន​រដ្ឋសភា បោះឆ្នោត​ជាប់​ជា​ប្រធានរដ្ឋសភា ( នៅ​ពាក់កណ្តាល នីតិកាល​ទី​៣ នៃ​រដ្ឋសភា )

​ក្នុង​ឆ្នាំ​២០០៧ សម្តេច ហេង សំរិន បានទទួល​គោរមងារ​ជា “​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​

​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០០៩ សម្តេច ហេង សំរិន បានទទួល​ការតែងតាំង​ពី​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស ៥ ឡើងវិញ​។​

​ក្នុងការ​បោះឆ្នោត ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០០៨ សម្តេច ហេង សំរិន បាន​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ចាម បន្តទៀត និង​រដ្ឋសភា បាន​បោះឆ្នោត ឲ្យ​សម្តេច ធ្វើជា​ប្រធានរដ្ឋសភា នៃ​នីតិកាល​ទី​៤​។​

​ដល់​ឆ្នាំ​២០១១ សម្តេច​ហេង​សំរិន បានទទួល​គោរមងារ​ជា “​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​” នៃ​រាជបណ្ឌិត្យសភាកម្ពុជា​

​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ សម្តេច ហេង សំរិន ក៏បាន​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ ខេត្តកំពង់ចាម និង​ត្រូវបាន​រដ្ឋសភា បោះឆ្នោត ឲ្យ​សម្តេច ធ្វើជា​ប្រធានរដ្ឋសភា នៃ​នីតិកាល​ទី​៥​។​

​ក្នុងការ​បោះឆ្នោត ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ សម្តេច ហេង សំរិន ក៏បាន​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ( ខេត្តកំពង់ចាម បំបែក​ជា​ពីរ គឺ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ) និង​ត្រូវបាន​រដ្ឋសភា បោះឆ្នោត ឲ្យ​សម្តេច ធ្វើជា​ប្រធានរដ្ឋសភា នៃ​នីតិកាល​ទី​៦​។​

អំពី​គ្រឿង​ឥស្សរិយយស ដែល​សម្តេច ហេង សំរិន ទទួលបាន​៖
-​គ្រឿង​ឥស្សរិយយស ជា​តូប​ការ​
-​គ្រឿង​ឥស្សរិយយស ឯករាជ្យ​ជាតិ​
-​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍​
-​គ្រឿង​ឥស្សរិយយស សុវត្ថា​រា ថ្នាក់​មហា​សេរី​វឌ្ឍន៍​
-​គ្រឿង​ឥស្សរិយយស សម្តេច​ព​ប្រះ​មហាក្សត្រី​យា​នី ព្រះស៊ីសុវត្ថិ មុនី​វង្ស កុសុមៈ​នារីរ័ត្ន ថ្នាក់​មហា​សេរី​វឌ្ឍន៍​
-​គ្រឿង​ឥស្សរិយយស សេនា​ជ័យ​សិទ្ធិ​
-​គ្រឿង​ឥស្សរិយយស ការពារជាតិ ( ថ្នាក់​មាស​៣ ថ្នាក់​ប្រាក់​៣ ថ្នាក់​សំរិទ្ធ​៣ )

​គ្រឿង​ឥស្សរិយយស ដែល​ទទួលបាន​ពី​បរទេស​៖
-​មេដាយមាស​សន្តិភាព ជូ​លី​យ៉ូ​ត ឃឺ​រៀ នៃ​ក្រុមប្រឹក្សា សន្តិភាព ពិភពលោក ក្នុង​ឆ្នាំ​១៩៨០
-​មេដាយ​ពី​លោក យ៉ា​សេ អា​រ៉ា​ហ្វា​ដ មេដឹកនាំ​បា​ឡេ​ស្ទី​ន​
-​មេដាយ​ពី​ប្រទេស ប៉ុល​ហ្គា​រី​
-​មេដាយ​ពី​ប្រទេស គុយបា​
-​មេដាយ​ពី​ប្រទេស ម៉ុង​ហ្គោ​លី​
-​មេដាយ​ពី​ប្រទេស ប៉ូឡូញ​
-​មេដាយ​ពី​សហភាព សូ​វៀត​
-​គ្រឿង​ឥស្សរិយយស ជាន់ខ្ពស់​នៃ​ប្រទេស​ហ្វីលីពីន​
-​គ្រឿង​ឥស្សរិយយស​មាស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​៕​