ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតជូន ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា ។
សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និង ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាម ជាពិសេសកិច្ចប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតផងដែរ។
ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង ក៏ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលភាគីវៀតណាមនឹងចែករំលែកនូវបទពិសោធន៍នេះជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជាផងដែរ។
សម្តេចក្រឡាហោម និង លោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកសាងធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាមនៃប្រទេសទាំងពីរលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណ:។
នៅក្នុងជំនួបនោះ រដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលេីគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យឌីជីថលរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការ ចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍លេីវិ័ស័យឌីជីថលនេះ ដោយសារវៀតណាមក៏បាន និងកំពុងមានកិច្ចសហប្រតិបត្តិការលេីវិស័យឌីជីថលនេះ ជាមួយនឹងសិង្ហបុរី និងម៉ាឡេស៊ីផងដែរ។