ភ្នំពេញ៖ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានយកប្រព័ន្ធតុលាការជាខែលសម្រាប់ប្តឹងអ្នកកាសែតប្រសិនបើស្ថាប័នណាមួយរចុះផ្សាយជុំវិញរឿងរ៉ាវអាស្រូវ របស់លោកក្នុងតួនាទីជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង។
ដើម្បីទប់ស្កាត់កុំឲ្យអ្នកសារព័ត៌មានបន្តចុះផ្សាយរឿងអាស្រូវរបស់ខ្លួនតទៅទៀត ប្រធានមន្ទីរកសិកម្មរូបនេះបានប្រើប្រាស់ក្បាច់ចុងក្រោយ គឺប្តឹងអ្នកកាសែតទៅតុលាការដើម្បីជាការព្រមាន កុំឲ្យចេះតែហ៊ាន។
ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងខេត្តកោះកុង ដែលជាទឹកដីរបស់លោកស្រាប់ ត្រូវបានប្រភពព័ត៌មានពីខេត្តកោះកុងបង្ហើបឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះថាតើតុលាការខេត្តកោះកុងនឹងអនុវត្តន៍បែបនេះចំពោះអ្នកកាសែតដែលលោកប្រធានមន្ទីរកសិកម្មខេត្ត កោះកុងខាងលើនេះប្តឹងដែរឬទេ?
បើតាមខ្លឹមសារនៃពាក្យបណ្តឹងរបស់លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង ដែលប្តឹងអ្នកសារព័ត៌មានក្នុងស្រុកជារឿងព្រហ្មទណ្ឌ ទាក់ទងនឹងការបរិហាកេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍ ដោយមិនប្រើប្រាស់ ច្បាប់ស្តីពីរបបសារព័ត៌មាននោះទេ។
ចេតនារបស់ប្រធានមន្ទីរកសិកម្មរូបនេះ គឺធ្វើយ៉ាងណាឲ្យអ្នកសារព័ត៌មានដែលលោកប្តឹងនោះប្រឈមនឹងជាប់គុក ដើម្បីកុំឲ្យអ្នកសារព័ត៌មានផ្សេងទៀត ឈប់ចុះផ្សាយរឿងអាស្រូវរបស់លោកក្នុងពេលបំពេញតួនាទីជាប្រធានមន្ទីរកសិកម្មខេត្តនោះ។
សូមរំលឹកថារឿងរ៉ាវអាស្រូវមួយចំនួនដែលប្រធានមន្ទីរកសិកម្មខេត្តកោះកុងបានត្រូវបណ្តាញសារព័ត៌មានធ្វើការចុះផ្សាយកន្លងមកដូចជា ផ្ទុះរឿងអាស្រូវបើកដៃឱ្យបក្សពួករបស់ខ្លួនរំលោភយកទីតាំងដីរដ្ឋធ្វើអាជីវកម្មផ្សេងៗ និងយកទៅពុះឡូតិ៍លក់ស្ងាត់ៗ និងរឿងយកឡានផ្ទាល់ខ្លួនដែលមានគេជិះម៉ាកដូចគ្នាដែរ ថ្លៃពី៥ទៅ៦ពាន់ដុល្លារលក់ឱ្យមន្ទីរបំប៉ាងតម្លៃតាមអំពើចិត្ត។
ព្រមទាំងរឿងអាស្រូវផ្សេងៗទៀតជាច្រើន ហើយត្រូវបានអធិការកិច្ចរបស់ក្រសួងកសិកម្មបើកការស៊ើបអង្កេត និងបញ្ជាឱ្យធ្វើការបំភ្លឺជាលាយល័ក្ខណ៍អក្សរនូវកំហុសឆ្គងរបស់ខ្លួនចំនួន១៦ចំណុចតាំងពីចុងឆ្នាំ២០១៨។ ឆ្លើយតបនឹងបិទប៉ោងរឿងរ៉ាវអាស្រូវរបស់ខ្លួន ប្រធានមន្ទីរកសិកម្មខេត្តកោះកុងរូបនេះ បានធ្វើសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗធ្វើការពន្យល់បកស្រាយ និងធ្វើការច្រានចោលចំពោះបញ្ហាខាងលើនេះទៅវិញ។
សារព័ត៌មាន ដេលីខ្មែរនៅថ្ងៃទី២៧ខែឧសភានេះមិនអាចធ្វើការបកស្រាយពីលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានទេទាក់ទងនិងការគំរាបប្តឹងអ្នកកាសែតទៅតុលាការ បើសិនហ៊ានចុះផ្សាយពីរឿងរបស់ខ្លួននោះ។




