ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក វង សូត អនុប្រធានទី២ រដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន

ភ្នំពេញ: លោក វង សូត អនុប្រធានទី២រដ្ឋសភាបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិ ន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ។

ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ និងនៅថ្ងៃ១ ខែមីនា ឆ្នាំ២០២៤ខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ចំនួនពីររូប និងដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាព្រឹកនេះ ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល តាមសំណើរបស់រាជរដ្ឋាភិបាលមកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ចំនួនបីរូប ផងដែរ៕