ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មសហការរៀបចំវគ្គផ្សព្វផ្សាយ«ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ

(ភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលាប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំវគ្គផ្សព្វផ្សាយ«ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ»។
កម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក លី ប៊ុនឆៃ អគ្គនាយករងនៃក្រុមហ៊ុន ប៊ែលធី គ្រុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប.សាខា ក.ប.ប.និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ លោក អ្នកគ្រូ អាជីករលក់ដូរសិស្សានុសិស្សពីបណ្តាសាខាប៊ែលធីទាំង ២៦សាខា ដោយផ្ទាល់និងតាមអនឡាញ ចំនួនជិត ៤,០០០នាក់។

លោក ផាន អូន បានថ្លែងក្នុងពិធីផ្សព្វផ្សាយនេះថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការផ្ស្វព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្សដែលទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិនាពេលខាងមុខដែលជាកិច្ចការសំខាន់និងចាំបាច់បំផុតអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត។
ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន ជាច្រើននៅគ្រប់រាជធានី ខេត្ត។

តួយ៉ាង ក្នុងឱកាសព្រឹកនេះ ដោយមានការសំណូមពរពីថ្នាក់ដឹកនាំរបស់សាលាប៊ែលធីអន្តរជាតិ ក្នុងរៀបចំកម្មវិធីបង្កើនចំណេះដឹងទូទៅ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ»ដល់លោកគ្រូអ្នកគ្រូអាជីវករ សិស្សានុ សិស្ស ដែលបានចូលរួមដោយផ្ទាល់និងតាមអនឡាញ ចំនួនជិត ៤០០០នាក់ដើម្បីទទួលបានចំណេះដឹងលើសុវត្ថិភាពម្ហូបអាហារ ក្នុងការជ្រើសរើសម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាព ការស្វែងយល់ពីផលិតផល និងម្ហូបអាហារហាឡាលកម្ពុជាដែលស្របតាមបញ្ញត្តិសាសនាឥស្លាម និងជាផលិតផលដែលមានគុណភាព ទទួលបានត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីបច្ចេទេស មុននឹងទទួលស្លាកសញ្ញាហាឡាលយកទៅប្រើប្រាស់ការស្វែងយល់ពីសិទ្ធិរបស់អ្នកប្រើប្រាស់ និងការទទួលបានការការពារនៅពេលដែលត្រូវបានគេបំពានសិទ្ធិ និង ចុងក្រោយគឺការស្វែងយល់ពីកម្មវិធីនៅលើទូរសព្ទដៃ របស់អគ្គនាយកដ្ឋាន ក.ប.ប.«CCF Complaint App» ដែលជាយន្តការសម្រួល ដល់អ្នកប្រើប្រាស់សម្រាប់ធ្វើបណ្តឹងតាមរយៈប្រព័ន្ធឌីជីថល ពីបទល្មើសដែលស្ថិតនៅក្រោមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានក.ប.ប.។

ជាមួយគ្នានេះដែរ លោក លី ប៊ុនឆៃ អគ្គនាយករង របស់ក្រុមហ៊ុន ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ប៊ែលធីអន្តរជាតិ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពអនុវត្តតាមនូវអ្វីដែលច្បាប់បានតម្រូវ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធានាបានថាសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ទទួលបាននូវការការពារ មានសុខភាពល្អ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងកាជំរុញនិងរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិកម្ពុជាឲ្យកាន់តែរីកចំរើន។

កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករ ប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ដែលជាធនធានមនុស្សប្រកបថាមពលសម្រាប់ប្រទេសជាតិ បានយល់ច្បាស់អំពីលក្ខខណ្ឌតម្រូវ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលអ្នកប្រើប្រាស់ត្រូវទទួលបាន សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការជ្រើសរើសម្ហូបអាហារនិងផលិតផលហាឡាល ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។