ប្រធានាធិបតីរបស់ប្រទេសប៉េរូ លោក Martin Vizcarra និងប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី លោក Ivan Dque បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភានេះ ដោយអំពាវនាវរកជំនួយមនុស្សធម៌ពីសហគមន៍អន្តរជាតិ ទៅជួយជនភៀសខ្លួនវែណេស៊ុយអេឡា ដែលមានចំនួនកាន់តែច្រើននៅក្នុងប្រទេសទាំងពីរនេះ ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ជនភៀសខ្លួនវែណេស៊ុយអេឡាប្រមាណជាង៣លាននាក់ កំពុងរស់នៅក្នុងប្រទេសទាំងពីរនេះ ហើយចំនួនជនភៀសខ្លួនវែណេស៊ុយនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ខណៈដែលវិបត្តិនយោបាយនៅវែណេស៊ុយអេឡាមិនទាន់ត្រូវបានដោះស្រាយ ។
សូមបញ្ជាក់ថា ក្រុមតំណាងមកពីរដ្ឋាភិបាល និងគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡា បានជួបចរចាគ្នាចំនួនពីរលើករួចមកហើយ ប៉ុន្តែមិនទាន់ឈានដល់ការបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនោះទេ ៕
