សៀមរាប៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបាននាំយកផលិតផលហាឡាលកម្ពុជានិងលិខិតបទដ្ឋានគតិយុត្តនានា តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម មានរយៈពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានស្តង់ចំនួន១២៥ បានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន។
ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងសាខា ក.ប.ប. ខេត្តសៀមរាបបានចូលរួមក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើលើកទី១៧ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត ធុរជន និងអាជីវករជាច្រើនរូប។
ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាបានណែនាំឱ្យអគ្គនាយកដ្ឋាន ក.ប.ប. បន្តលើកកម្ពស់ការយល់ដឹងពីកិច្ចការហាឡាលផ្សព្វផ្សាយពីស្លាកសញ្ញាហាឡាលកម្ពុជានិងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផលនិងសេវាកម្មហាឡាលឱ្យធុរជននិងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ជាពិសេសបងប្អូនមុស្លិម ។
ក្នុងព្រឹត្តិការណ៍តាំងបង្ហាញខាងលើ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា បទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់កម្ពុជា ជាពិសេសសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។