ព្រះសីហនុ៖ តំណាងប្រជាពលរដ្ឋនៅភូមិអូរឧកញ៉ាហេង ភូមិអូតាសេក ឃុំឧកញ៉ាហេងផ្ទុះ បានសាទរ ចំពោះគោលនយោបាយឈ្នះឈ្នះរបស់ លោក ភឿន ផល្លា ហើយឥឡូវនេះ ពួកគាត់កំពុងតែមានការ មមាញឹកក្នុងការដកបញ្ជីទាស់លើក្បាលដីដែលមានលក្ខខណ្ឌត្រឹមត្រូវតាមការជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការសាទររបស់ពលរដ្ឋខាងលើធ្វើឡើង ស្របពេលថ្មីៗនេះ ក្រុមហ៊ុនរបស់លោក ភឿន ផល្លា ក៏បានដកក្បាលដីជូនប្រជាពលរដ្ឋបានជាង២០០ ក្បាលដីហើយ ហើយឥឡូវនេះ ពួកគាត់កំពុងបន្តការងារយ៉ាងរលូន ដើម្បីផ្តល់ផលប្រយោជន៍ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជំរាបថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមតំណាងប្រជាពលរដ្ឋឈ្មោះ គង់ សុខា ឈ្មោះ រឹម សាឡយ ឈ្មោះ ស៊ិន វណ្ឌី រួមជាមួយក្រុមការងាររបស់ លោក ភឿន ផល្លា បាទ បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដែល បានដាក់ពាក្យបណ្តឹងជំទាស់កន្លងមកនិងបានកំណត់រកប្រជាពលរដ្ឋមូលដ្ឋានក្នុងភូមិអូរឧកញ៉ាហេង និងមានលំនៅដ្ឋានជាក់ស្តែង ឬអាស្រ័យផលលើដីរបស់លោក ភឿន ផល្លា ផងដែរ។
ជាលទ្ធផល លោក ភឿន ផល្លារ បាទទទួលបានទិន្នន័យបន្ថែមចំនួន ១៤ ក្បាលដីទៀត មានទំហំ ៣១២៧ ម៉ែត្រការ៉េ ដែលបញ្ជាក់ថា ពិតជាប្រជាពលរដ្ឋមូលដ្ឋាន និងមានលំនៅដ្ឋានជាក់ស្តែងលើដីរបស់លោក ទើប នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៤ នេះ លោក ភឿន ផល្លា បានចាត់តំណាងឱ្យដកពាក្យបណ្តឹងលើ ១៤ ក្បាលដីខាងលើនេះ រួចរាល់ ព្រមទាំងបានវាយត្រាចូលរដ្ឋបាលខេត្តព្រះសីហនុរួចរាល់ផងដែរ និងបានយកលិខិតដកបណ្តឹងខាងលើនេះជូនដំណឹងទៅប្រជាពលរដ្ឋទាំង១៤ ក្បាលដីខាងលើបានទទួលជ្រាបរួចរាល់ហើយផងដែរ។
គួររម្លឹកផងដែរថា កន្លងលោក ភឿន ផល្លា រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង ដនស បានសហការគ្នាធ្វើការដកពាក្យបណ្តឹងជាបន្តបន្ទាប់ដូចខាងក្រោម៖
1-ក្បាលដីដែលបានដកពាក្យបណ្តឹងរួចរាល់តាមគោលការណ៍របស់រដ្ឋបាលខេត្ត មានចំនួន ២៣៩ ក្បាលដី ជាប្រជាជនមានអាស័យដ្ឋានក្នុងមូលដ្ឋានផ្ទាល់ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៃឃុំអូរឧកញ៉ាហេង និងកំពុងរស់នៅលើទីតាំងដីរបស់លោក ក្នុងនោះលោក បានដកបណ្តឹងលើកទី១ ចំនួន ១៦៥ ក្បាលដី , ដកបណ្តឹងលើកទី២ ចំនួន ៦៧ ក្បាលដី និងដកបណ្តឹងជាបន្តបន្ទាប់ ចំនួន ៧ ក្បាលដី ទំហំសរុបប្រមាណ ៣០ ហិកតា
2- ក្បាលដីបានដកពាក្យបណ្តឹងដែលជាដីចេញ ស.ជ.ណ.ជាកញ្ចប់របស់ក្រសួងបរិស្ថាន, ដីដែលបានចុះបញ្ជីដាច់ដោយដុំរួចហើយ រួមទាំងដីដែលជាហេដ្ឋារចនាសម្ព័ន្ធ ទំហំសរុបប្រមាណ ២២១ ហិកតា។
3- ក្បាលដីបានដកពាក្យបណ្តឹងដែលក្រុមតំណាងប្រជាពលរដ្ឋឈ្មោះ គង់ សុខា ឈ្មោះ រឹម សាឡយ ឈ្មោះ ស៊ិន វណ្ឌី រួមជាមួយក្រុមការងាររបស់លោកបានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលជាប្រជាពលរដ្ឋមូលដ្ឋានក្នុងភូមិអូរឧកញ៉ាហេង និងមានលំនៅដ្ឋានជាក់ស្តែង ឬអាស្រ័យផលលើដីរបស់ខ្ញុំបាទ លើកទី១ ចំនួន ៧ ក្បាលដី លើកទី២ ចំនួន ១៤ ក្បាលដី សរុបចំនួន ២១ ក្បាលដី ទំហំសរុប ១២៣២២ ម៉ែតការ៉េ សរុបជារួមមក គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្បាលដីដែលបានដកពាក្យបណ្តឹងទាំងអស់មានទំហំ សរុប ២៥៣ ហិកតា ៤១០៩ ម៉ែត្រការ៉េ។