ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-ជប៉ុននឹងចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអភិវឌ្ឍ

សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២រួមមាន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុននិងការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បាន​​ដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការនិងអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូ​ប្រទេសជប៉ុន​ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទ«ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្តនិងរួមចំណែករបស់កម្ពុជាក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។

ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបជាមួយឥស្សរៈជនជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ហើយជាមួយគ្នានោះដែរ​ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ធនាគារមីហ្ស៊ូហូ (Mizuho)។​​

លោក​​ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា​បានថ្លែងថា ​​​​​បច្ចុប្បន្ន​នេះ​​អ្នក​​វិនិយោគិន​ធំៗ​មកពីប្រទេសជប៉ុន​​​បាន​​បន្តវិនិយោគ​លើ​គម្រោង​ធំៗ ​​​នៅក្នុង​​​ប្រទេស​កម្ពុជាមានមានដូចជា​​​តំបន់​សេដ្ឋកិច្ច តំបន់​​ឧស្សាហកម្ម ​​​​​និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​​​​​។​

លោក​​ឧកញ៉ា​បន្តទៀត​​​ថា ​​ ​បើសិន​ជាជប៉ុន​​​​​បោះទុនទៅ​​​ប្រទេសណាមួយ​ហើយ​គេបាន​សិក្សាច្បាស់​លាស់ជាក់ស្តែង​​សម្រាប់​កម្ពុជាវិញ​ជាសញ្ញាល្អ​​​​នៅពេល​មាន​ការ​វិនិយោគ​​​លើ​គម្រោង​ធំៗ​​​​​​​​​​​ជាច្រើន​​​​​​​នាពេលកន្លងមក​​ជាពិសេសកត្តារីកចម្រើន​សេដ្ឋកិច្ច​​​ជាតិ​​​​។​

អ្ន​កវិនិយោគខាងលើ​បន្ថែមថា ​​កាលពី​​​​​​​ឆ្នាំ២០១៨​​​ មាន​​​គម្រោង​​​ផ្សេងៗទៀត​​​​លេចចេញជារូបរាង​​ហើយ​​​​ ​នៅក្នុងប្រទេសកម្ពុជាដោយសារតែ​​​​​មានស្ថេរភាពនយោបាយ​​​និងការរីកចម្រើ​នសេដ្ឋកិច្ច​​​​ និង​​​​ជាប្រទេសមួយ​​​​មាន​ភពសំណាង​​ដែលអ្នក​វិនិយោគិន​ជប៉ុន​មក​រកស៊ី​នៅនៅទីនេះ​​​​​​​​។​

អ្ន​កវិនិយោគខាងលើ​​លើក​ឡើងថា ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លួត​លាស់ ​​ជីវភាព​របស់​ប្រជាជន​កម្ពុជា​មានការ​​​​ផ្លាស់ប្តូរ​ច្រើន​​​និង​​​មានជីវភាព​​ល្អប្រសើរ​​​​ហើយ​​បើ​សិន​​កម្ពុជា​ទទួលបាន​វិនិយោគិន​ជប៉ុន​ពេលនេះ​គឺ​ធៀប​ជាមួយនិង​​​ការវិនិយោគ​របស់​ប៉ុន​នៅ​ប្រទេស​ដទៃ​​​​​នោះនៅមានចំនួន​តិចតួចនៅ​ឡើយ​​​​។

ចំណែក​​ អ្នកជំនាញ​អចលនទ្រព្យ​​​ លោក​ ស៊ា ឆៃលីន  នាយកប្រតិបត្តិក្រុមហ៊ុន​អចលនទ្រព្យ​ ឆៃលីន ស៊ា​ រៀល​ធី ខូអិល​ធីឌី​បាន​​ឲ្យដឹងថា អ្នកវិនិយោគ​មកពី​បរទេ​​មាន​​កាន់តែច្រើន​ដែល​មក​រកស៊ីស្រុកខ្មែរ​លើ​វិស័យអចលនទ្រព្យ​ ហើយ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​​មាន​​​កាន់​តែច្រើន​​​​​ ហើយ​វា​ជារឿងល្អចំពោះទីផ្សារ​​កម្ពុជា​​។

លោក​បាន​បន្ថែម​ថា រយៈពេលត្រឹម​តែ​​៣ឆ្នាំចុងក្រោយ​ វិនិយោគជប៉ុន​មក​កាន់តែ​ច្រើន​នៅកម្ពុជា ​ហើយ​ជាសញ្ញាល្អ ព្រោះ ការ​វិនិយោគមកពីជប៉ុន​មាន​កម្រិត​ស្តង់​ដាខ្ពស់​ ។ដូច្នោះ​បើសិន​ជា​​ជប៉ុន​​ហាន​បោះទុន​លើ​វិស័យ​​​ផ្សេងៗវិញមាន​កាន់តែមាន​ច្រើន​​​។

យោងតាម​​​តួលេខពី​​​​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញថា កម្ពុជា​ទទួលបាន​ការ​ចុះបញ្ជី​ទុនវិនិយោគ​របស់​ជប៉ុន​ប្រ​មាណ ១,៦០០ លាន​ដុល្លារ​នៅ​ឆ្នាំ២០១៧ ដែល​ទើប​កន្លងផុត​ទៅនេះ ដោយ​ភាគច្រើន​ផ្តោតលើ​ការវិនិយោគ​បង្កើត​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

ជប៉ុន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​​ជាច្រើន​ដូចជា វិស័យ​រោងចក្រ​ឧស្សាហកម្ម​មិនមែន​វាយ​ន​ភណ្ឌដូចជា ការ​ផ្គុំ​ដំឡើង​សម្ភារ​បរិក្ខារ​អេឡិចត្រូនិក និង​អគ្គិសនី ការផលិត​គ្រឿងបន្លាស់​រថយន្ត និង​ការ​ផ្គុំ​ដំឡើង​មធ្យោបាយ​ដឹកជញ្ជូន​ជាដើម។​