ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

១០ឆ្នាំទៀត វិស័យ Fintech អាចប៉ះពាល់ដល់កម្លាំងពលកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹងកាត់បន្ថយប្រមាណ ២០%

ភ្នំពេញ៖ អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានអះអាងថា បច្ចេកវិទ្យាហិរញ្ញវត្ថុបានចាត់ទុកថា Fintech កំពុងមាននិន្នាការរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ ក្នុងទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្ដែ វិស័យនេះ មិនទាន់ឃើញមាន ឥទ្ធិពលខ្លាំងក្លា មកលើកម្លាំងពលកម្មមនុស្សនៅឡើយទេ។តែការវិវឌ្ឍនៃ វិស័យ Fintechនេះ នៅប្រមាណ ៥ ទៅ១០ ឆ្នាំខាងមុខទៀត កម្លាំងពលកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អាចនឹងត្រូវកាត់បន្ថយប្រមាណ ២០%។

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានលើកឡើងថា បច្ចុប្បន្ន ការប្រើប្រាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech សម្រាប់វិស័យធនាគារ គឺហាក់មិនទាន់មានភាពទូលំទូលាយខ្លាំងនៅឡើយទេ ពោលគឺមានធនាគារធំៗប្រមាណ ២ ទៅ៣ ប៉ុណ្ណោះ ដែលបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ខណៈដែល អតិថិជន ភាគច្រើនមិនទាន់មានទំនុកចិត្តក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះនៅឡើយ។ ដូច្នេះ ១០ឆ្នាំខាងមុខទៀត ប្រព័ន្ធ Fintech នេះ ក៏មិនអាចវាយលុកខ្លាំងលើទីផ្សារនោះឡើយ។

លោកបណ្ឌិតផុន ណារិន បានលើកឡើងថា ប្រព័ន្ធ Fintech នៅក្នុងវិស័យធនាគារ នឹងជំរុញឲ្យមានការកាត់បន្ថយការរើសបុគ្គលិកថ្មីៗបន្ថែម។ តួយ៉ាង ធនាគារអេស៊ីលីដា កាលពីមិនទាន់មានប្រើប្រាស់ ប្រព័ន្ធ Fintech មានតម្រូវការបុគ្គលិកថ្មីៗប្រមាណ ២០ ទៅ២៥ ភាគរយ។ ប៉ុន្ដែ បច្ចុប្បន្ននេះ ការរើសបុគ្គលិកថ្មីរបស់ធនាគារអេស៊ីលីដា បានថមថយចុះគួរឲ្យកត់សម្គាល់។

លោកបានបញ្ជាក់ទៀតថា ប្រសិនបើវិស័យធនាគារមានតម្រូវការរើសបុគ្គលិកថ្មីៗប្រមាណតែ ៥% ក្នុងមួយឆ្នាំ យ៉ាងហោចណាស់ តម្រូវការធនធានមនុស្សក្នុងវិស័យនេះ ក៏មានប្រមាណ ៥ពាន់នាក់ដែរ ក្នុងមួយឆ្នាំៗ។

សូមរំលឹកថា  លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា វិស័យបច្ចេកវិទ្យា កំពុងធ្វើឲ្យពិភពលោកមានការវិវឌ្ឍយ៉ាងខ្លាំង ពិសេសគឺបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ព្រោះវិស័យនេះ បច្ចុប្បន្ន កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងក្នុងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ទន្ទឹមនឹងការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យា ឌីជីថលនេះ ទាមទារឲ្យវិស័យរដ្ឋ និងឯកជន ត្រូវរៀបចំនូវក្របខ័ណ្ឌគតិយុត្តិត្រៀបរៀបចំយន្តការ អនុវត្តច្បាប់ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង បណ្តុះបណ្តាលធនធានមនុស្ស ដើម្បី ចាប់យកកាលានុវត្តភាព ឱ្យបានជាអតិបរមាពីការប្រែប្រួលនេះ៕