សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២រួមមាន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុននិងការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការនិងអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទ«ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្តនិងរួមចំណែករបស់កម្ពុជាក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។
ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបជាមួយឥស្សរៈជនជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ហើយជាមួយគ្នានោះដែរ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ធនាគារមីហ្ស៊ូហូ (Mizuho)។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា បច្ចុប្បន្ននេះអ្នកវិនិយោគិនធំៗមកពីប្រទេសជប៉ុនបានបន្តវិនិយោគលើគម្រោងធំៗ នៅក្នុងប្រទេសកម្ពុជាមានមានដូចជាតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
លោកឧកញ៉ាបន្តទៀតថា បើសិនជាជប៉ុនបោះទុនទៅប្រទេសណាមួយហើយគេបានសិក្សាច្បាស់លាស់ជាក់ស្តែងសម្រាប់កម្ពុជាវិញជាសញ្ញាល្អនៅពេលមានការវិនិយោគលើគម្រោងធំៗជាច្រើននាពេលកន្លងមកជាពិសេសកត្តារីកចម្រើនសេដ្ឋកិច្ចជាតិ។
អ្នកវិនិយោគខាងលើបន្ថែមថា កាលពីឆ្នាំ២០១៨ មានគម្រោងផ្សេងៗទៀតលេចចេញជារូបរាងហើយ នៅក្នុងប្រទេសកម្ពុជាដោយសារតែមានស្ថេរភាពនយោបាយនិងការរីកចម្រើនសេដ្ឋកិច្ច និងជាប្រទេសមួយមានភពសំណាងដែលអ្នកវិនិយោគិនជប៉ុនមករកស៊ីនៅនៅទីនេះ។
អ្នកវិនិយោគខាងលើលើកឡើងថា ប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលួតលាស់ ជីវភាពរបស់ប្រជាជនកម្ពុជាមានការផ្លាស់ប្តូរច្រើននិងមានជីវភាពល្អប្រសើរហើយបើសិនកម្ពុជាទទួលបានវិនិយោគិនជប៉ុនពេលនេះគឺធៀបជាមួយនិងការវិនិយោគរបស់ប៉ុននៅប្រទេសដទៃនោះនៅមានចំនួនតិចតួចនៅឡើយ។
ចំណែក អ្នកជំនាញអចលនទ្រព្យ លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ខូអិលធីឌីបានឲ្យដឹងថា អ្នកវិនិយោគមកពីបរទេមានកាន់តែច្រើនដែលមករកស៊ីស្រុកខ្មែរលើវិស័យអចលនទ្រព្យ ហើយសម្រាប់ក្រុមហ៊ុនជប៉ុនមានកាន់តែច្រើន ហើយវាជារឿងល្អចំពោះទីផ្សារកម្ពុជា។
លោកបានបន្ថែមថា រយៈពេលត្រឹមតែ៣ឆ្នាំចុងក្រោយ វិនិយោគជប៉ុនមកកាន់តែច្រើននៅកម្ពុជា ហើយជាសញ្ញាល្អ ព្រោះ ការវិនិយោគមកពីជប៉ុនមានកម្រិតស្តង់ដាខ្ពស់ ។ដូច្នោះបើសិនជាជប៉ុនហានបោះទុនលើវិស័យផ្សេងៗវិញមានកាន់តែមានច្រើន។
យោងតាមតួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា កម្ពុជាទទួលបានការចុះបញ្ជីទុនវិនិយោគរបស់ជប៉ុនប្រមាណ ១,៦០០ លានដុល្លារនៅឆ្នាំ២០១៧ ដែលទើបកន្លងផុតទៅនេះ ដោយភាគច្រើនផ្តោតលើការវិនិយោគបង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស ដែលគ្រប់គ្រងដោយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ជប៉ុនចូលមកវិនិយោគនៅកម្ពុជាជាច្រើនដូចជា វិស័យរោងចក្រឧស្សាហកម្មមិនមែនវាយនភណ្ឌដូចជា ការផ្គុំដំឡើងសម្ភារបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត និងការផ្គុំដំឡើងមធ្យោបាយដឹកជញ្ជូនជាដើម។
