ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា «គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដូរដីធ្លីនៅក្នុងឧទ្យានជាតិព្រះសីហនុរាម និងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយនៅក្នុងខេត្តព្រះសីហនុបានឡើយ»។
លោក នេត្រ ភក្ត្រា ឲ្យដឹងទៀតថា ដើម្បីឱ្យសាធារណជនបានជ្រាបនិង ស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមិនបានយល់ដឹងច្បាស់ពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត។ លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យជនខិលខូចបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពខុសច្បាប់ទាំងឡាយ នៅការចូលរុនរាន ទន្ទ្រាន កាប់ ឆ្ការកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងបញ្ឈប់ការយកប័ណ្ណកម្មសិទ្ធិដែលត្រូវបាននិរាករណ៍ដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ១៩៩៩ មកទាមទារកាន់កាប់ដីធ្លីឡើងវិញនៅតំបន់ក្បាលឆាយ។ នេះជាការព្រមានទុកជាមុនថាជនទាំងឡាយណាដែលបន្តល្មើសច្បាប់ នឹងត្រូវ ប្រឈមមុខច្បាប់ជាធរមាន។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តឲ្យដឹងថា ឧទ្យានជាតិព្រះសីហនុរាមត្រូវបានបង្កើតឡើងដោយព្រះរាជក្រិត្យនៅខែវិច្ឆិកា ឆ្នាំ ១៩៩៣ មានផ្ទៃដីចំនួន ២១ ០០០ ហិកតា។ ចំណែកតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានផ្ទៃដី ៥ ៥២០ ហិកតា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៦ ក្នុងគោលបំណងដើម្បីធានាការពារនិងថែទាំធនធានជីវៈចម្រុះ និងធនធានធម្មជាតិ និងការពារប្រព័ន្ធអេកូឡូស៊ីសម្រាប់រយៈពេលយូរអង្វែង ក៏ដូចជាលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែក ដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។
លោកភក្ត្រា បានបញ្ជាក់ថា ក្រោយមក មានការចេញប័ណ្ណកម្មសិទ្ធិដោយខុសច្បាប់លើដីរដ្ឋទាំងនេះជាពិសេសនៅ តំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ រួមទាំងមានការទិញលក់ដូរដីធីដោយខុសច្បាប់ពីក្រុមជនខិលខូចមួយចំនួន ប៉ុន្តែនៅឆ្នាំ ១៩៩៩ ត្រូវបានរាជរដ្ឋាភិបាលនិរាករណ៍ចោលនូវប្លង់កម្មសិទ្ធិទាំងនោះ និងបានដកហូតដីទាំងអស់នោះមកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ និងមួយចំនួនទៀតត្រូវបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគដោយស្របតាមច្បាប់។ លោកបាន បញ្ជាក់ថាបច្ចុប្បន្ននេះ ខណៈតម្លៃដីនៅខេត្តព្រះសីហនុឡើងខ្ពស់ មានមេក្លោងមួយចំនួនបានបង្កើតក្រុម ជនខិលខូចដោយជួលប្រជាពលរដ្ឋស្លួតត្រង់ដើម្បីចូលទន្ទ្រានកាន់កាន់ដីរដ្ឋ ឬដីដែលមានកម្មសិទ្ធិស្របច្បាប់។ បុគ្គលមួយចំនួនក៏បានព្យាយាមបំពានច្បាប់ដោយយកប័ណ្ណកម្មសិទ្ធិចាស់នៅក្នុងតំបន់ក្បាលឆាយ ដែលត្រូវបាននិរាករណ៍ដោយរាជរដ្ឋាភិបាលកាលពីឆ្នាំ ១៩៩៩ មកធ្វើការឈូសឆាយដីព្រៃ និងទាមទារកាន់កាប់ដីនោះឡើងវិញ។
ក្រសួងបរិស្ថានបដិសេធមិនទទួលស្គាល់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតលក់ដូរដី ដែលបានមកពីការកាប់រុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់ឡើយ ទោះជាមានការទទួលស្គាល់ពីភូមិឃុំឬស្រុកក្តី។ក្រសួង ក៏បានស្នើសុំឱ្យស្ថាប័នតុលាការមេត្តាជួយពិនិត្យ ចំពោះសំណុំរឿងជម្លោះដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀត មិនគួរកាត់សេចក្តីលើសំណុំរឿងនេះទេ ព្រោះជាសំណុំរឿងរំលោភដីរដ្ឋដោយខុសច្បាប់។ព្រោះកន្លងទៅនេះ ក្រុមជនខិលខូចមួយចំនួន បានប្រើយុទ្ធសាស្ត្រ «ឈ្នះបានដី ចាញ់បានលុយ» កាន់កាប់ដីរដ្ឋដោយខុសច្បាប់ដោយការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ និងបានអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិ និងបង្កើតជាក្រុមជម្លោះជាមួយភាគីម្ខាងទៀត ហើយរុញសំណុំរឿងទៅតុលាការដើម្បីឱ្យសម្រេចសេចក្តី អ្នកដែលឈ្នះបានដី និងអ្នកចាញ់ពេលខ្លះបានលុយ។វិធានការច្បាប់នឹងអនុវត្តចំពោះជនល្មើសដោយមិនលើកលែងឡើយ៕

