(សាធារណរដ្ឋកូរ៉េ)៖នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរនៅកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧។
កម្មវិធីរៀបចំឡើងចំនួន ៣ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ មានសហគ មន៍ខ្មែរចូលរួមប្រមាណ ២ ០០០នាក់, នៅតំបន់អ៊ុលសាន មានសហគមន៍ខ្មែរចូលរួមប្រមាណ ១ ០០០នាក់ និងតំបន់ថេហ្គូ មានសហគមន៍ខ្មែរចូលរួម ១០០នាក់។
ទន្ទឹមនឹងនេះ បងប្អូនសហគមន៍ខ្មែរក៏បានរៀបចំនៅតំបន់ផ្សេងទៀត រួមមានតំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូផងដែរ។
សម្រាប់សង្ក្រាន្តនាថ្ងៃនេះ កម្មវិធីផ្តើមដោយពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ លេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពស្រាលាញ់រាប់អានគ្នាដូចបងប្អូន។
បន្ថែមពីនេះកម្មវិធីក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ខ្មែរដ៏ផូរផង់។ ជាមួយគ្នានេះដែរ ក៏មានកម្មវិធីអាហារសាមគ្គីជាមួយបងប្អូនខ្មែរក្រោយពីបញ្ចប់កម្មវិធីផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីធំនៃសង្ក្រាន្តខ្មែរនៅកូរ៉េ នឹងរៀបចំនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សិល្បករល្បីៗមកពីប្រទេសកម្ពុជា។ កម្មវិធីនេះនឹងបន្តសហការរៀបចំតាមតំបន់នានានៅសប្តាហ៍បន្តបន្ទាប់រហូតដល់ចុងសប្តាហ៍ទី៤ នៃខែមេសានេះ៕
#MLVT #HENGSour