ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកហ្សិនសូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា លើលិខិតផ្លាស់ប្តូរសារនៃកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន ២ រួមមាន៖
១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨ លានដុល្លារអាមេរិក)
២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក ដែលចុះហត្ថលេខារវាងលោក ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយលោកអ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញបេសកកម្មការងារនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៩។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីជប៉ុន គឺបានពង្រឹងនូវមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជិតស្និទ្ធជាមួយមិត្តជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “អរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន ដែលតែងតែចូលរួមជួយដល់ការកសាងប្រទេសកម្ពុជា។ អរគុណក្រុមហ៊ុនឯកជនជប៉ុនទាំងអស់ ដែលកំពុងវិនិយោគផ្តល់ការងាររាប់ម៉ឺនដល់ពលរដ្ឋខ្មែរ”។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា “ខ្ញុំសូមអរគុណដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលផ្តល់នូវទំនុកចិត្តនិងគាំទ្រចំពោះរូបខ្ញុំ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង អោយកាន់តែរីកចម្រើនលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”៕

