ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ៖ កិច្ចការ៩ចំណុចដែលក្រសួងបានធ្វើដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន

ភ្នំពេញ:ការងារចំនួន៩ចំនុចដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តធ្វើគឺដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ។ នេះជាការថ្លែងបញ្ជាក់របស់ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

តាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី បង្ហាញថាការងារ និងការកែលម្អការផ្តល់សេវាសាធារណៈទាំង៩ចំនុចនោះមានដូចជា÷

ទី១ ក្រសួងបានបែងចែកវេនមន្ត្រីប្រចាំការ និងបន្ថែមម៉ោងធ្វើការ និងពង្រឹងប្រព័ន្ធទូរសព្ទ Hotline ដើម្បីទទួលពាក្យបណ្តឹង សំណូមពរ និងដោះស្រាយចម្ងល់របស់បងប្អូនកម្មករ។ ទី២ ក្រសួងបានបំពេញតួនាទីជាស្ថាប័នដឹកមុខក្នុងយន្តការអធិការកិច្ចអន្តរស្ថាប័ន ដោយកំណត់វិធីសាស្ត្រចុះអធិការកិច្ច។
ទី៣ ក្រសួងបានចុះបញ្ជីសហគ្រាសថ្មីចំនួន ២៨៧៤សហគ្រាស ដែលធ្វើឱ្យសហគ្រាសដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនពីចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩សហគ្រាស។
ទី៤ ក្រសួងបានខិតខំប្រឹងប្រែងផ្ដល់សេវាស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដល់ប្រជាពលរដ្ឋ ជាពិសេសដល់បងប្អូនកម្មករនិយោជិត នៅពេលមានករណីរោងចក្រក្ស័យធននៅមុខរោងចក្រតែម្តង។
ទី៥ ក្រសួងបានខិតខំធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនល្បឿនដោះស្រាយករណីរោងចក្រក្ស័យធនដោយឈរលើច្បាប់ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតជាធំ។ ទី៦ បានខិតខំពង្រឹងសមត្ថភាព គុណភាព និងវិជ្ជាជីវៈមន្ត្រីផ្សះផ្សារវិវាទការងារ។ ទី៧ ក្រសួងបានបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទី៨ ក្រសួងបានគោរពនូវសិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត និងនិយោជក ដោយបន្តចុះបញ្ជីអង្គការវិជ្ជាជីវៈ។ និងទី៩ ក្រសួងបានជួបប្រជុំជាលក្ខណត្រីមាសជាមួយគ្រប់សហព័ន្ធសហជីព, សហភាពសហជីព, និងសមាគមនិយោជក ដើម្បីផ្លាស់ប្តូរយោបល់ ដោះស្រាយនូវចម្ងល់និងសំណូមពរនានារបស់បងប្អូនកម្មករនិយោជិត និងនិយោជកបានជាទៀងទាត់៕