ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ បានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយបំផុត ដែលមានបងប្អូនប្រជាពលរដ្ឋទៅទស្សនាផ្ទាល់ប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះលទ្ធផលនៃការប្រកួតគឺ កីឡាបាល់ទាត់ក្រុមតារាកម្ពុជា (Cambodia football Super Stars) បានទទួលជ័យជម្នះលើក្រុមបាល់ទាត់ Kun Khmer All Stars ក្នុងលទ្ធផល (2-0)។
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព ហើយជំរុញប្រជាពលរដ្ឋស្រលាញ់កីឡា និងជៀសផុតពីគ្រឿងញៀន និងទឹកចិត្តសប្បុរសធម៌ ពិសេសដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាការបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់សន្តិភាព និងស្របទៅតាមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព»៕