ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានIOM ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនោះ សមភាគីទាំងពីរ បានពិភាក្សានិងចែករំលែកទស្សនទានស្តីពីកម្មវិធីណែនាំតម្រង់ទិសមុនពេលចេញដំណើរសម្រាប់ទេសន្តរប្រវេសករឱ្យអាចទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវមុនពេលបំពេញការងារនៅប្រទេសទទួល ហើយនឹងអាចដឹងពីវិធីសាស្ត្រសុំជំនួយពេលត្រូវការ។
ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងដើម្បីធ្វើឱ្យពលករទេសន្តប្រវេសន៍អាចទទួលបានកិច្ចគាំពារ និងប្រយោជន៍ជាអតិបរមាបន្ថែមទៀតដែលជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា បានបញ្ជាក់ពីការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិយាយដាច់ដោយឡែកលើការគ្រប់គ្រងទេសន្តប្រវេសករ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការទេសន្តរប្រវេសន៍ដែលបានបង្កើតកិច្ចសហការ និងការគាំទ្រដល់ក្រសួងកន្លងមក និងកិច្ចសហការនាពេលអនាគតដើម្បីបន្តពង្រឹងយន្តការគ្រប់គ្រងទេសន្តរប្រវេសករឱ្យកាន់តែមានប្រសិទ្ធភាពនិងផ្តល់ប្រយោជន៍កាន់តែច្រើនបន្ថែមទៀត៕

#MLVT #HENGSour