ភ្នំពេញ: លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញបើកសិក្ខាសាលា បណ្តុះបណ្តាលសារព័ត៌មាន មេគង្គលើកទី៣ «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបានលើកឡើងថា ភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសការ រីករាលដាលនៃបញ្ញាសិប្បនិម្មិត(AI) បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការបញ្ជូនព័ត៌មាន ដល់ដៃប្រជាពលរដ្ឋទូទាំងសកលលោក ប៉ុន្តែភាពរីកចម្រើននេះ ក៏កំពុងបង្កផលអវិជ្ជមានមួយចំនួនដល់ពិភពលោក តាមរយៈរូបភាពក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយជាដើម។
ជាក់ស្តែងដើម្បីបញ្ជ្រាប និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជ បណ្ឌិត្យសភាកម្ពុជា បានសហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះ បណ្តាលសារព័ត៌មានមេគង្គលើកទី៣ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ ក្នុងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» ជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរ ជាតិ៧ ៤រូប។
ជាមួយគ្នានោះ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ដំណឹងក្លែងក្លាយមានស្ទើរតែរាល់ថ្ងៃក្នុងសម័យសង្គ្រាមត្រជាក់ បន្ទាប់ពី សង្គ្រាមលោកលើកទី២ ក៏ប៉ុន្តែភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤ ជាពិសេសបណ្តាញសង្គម និងការរួមបញ្ជូលបញ្ញាសិប្បនិម្មិត(AI) បានជំរុញនូវល្បឿន និងភាពសម្បូរបែបនៃថ្នាល ក្នុងការផ្សព្វផ្សាយធ្វើឱ្យការបង្កើតព័ត៌មានក្លែងក្លាយកាន់តែងាយស្រួល និងល្បឿននៃ ការបញ្ជូនកាន់តែលឿនជាងមុន។
លោកបានបន្តថា៖ «ព័ត៌មានក្លែងបន្លំ និងដំណឹង ក្លែងក្លាយបង្កផលប៉ះពាល់អវិជ្ជមានលើវិស័យសេដ្ឋកិច្ច សង្គម នយោយបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ដំណឹងក្លែងក្លាយបង្កឱ្យមានការបែកបាក់សាមគ្គីភាពជាតិ ប៉ះពាល់សន្តិសុខជាតិ និងទំនាក់ទំនងការបរទេស ធ្វើឱ្យមានការមិនទុកចិត្តគ្នា ការបែង ចែកវណ្ណៈ និងអំពើហិង្សាក្នុងចំណោមប្រជាជន។
លើសពីនេះ ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងការជឿជាក់របស់ប្រជាជន ចំពោះសារព័ត៌មាន ដែលធ្វើឱ្យវិស័យសារព័ត៌មានបាត់បង់កិត្យានុភាព»។
លោកបានបន្ថែមថា នៅឆ្នាំ២០២៣កន្លងទៅ ក្រសួងព័ត៌មានបាន រកឃើញព័ត៌មានក្លែងក្លាយប្រមាណ៣,០០០ករណី ដែលចំនួននេះបានកើនឡើង១៦០% បើធៀបនឹងឆ្នាំ២០២០ ដែលក្រសួងបានកត់ត្រាត្រឹមប្រមាណ ១,៣០០ករណី។
អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ វាមានភាពចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកនូវយន្តការនៃការប្រាស្រ័យទាក់ទង ការពិគ្រោះយោបល់ការ ជំរុញឱ្យមានកិច្ចសន្ទនា និងការផ្លាស់ប្តូរព័ត៌មានឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព រវាងអ្នកសារព័ត៌មាន និងប្រភពព័ត៌មាន ដើម្បីធ្វើយ៉ាងណាអាចឱ្យអ្នកសារព័ត៌មាន ទទួលបានព័ត៌មានពិតជាក់លាក់ ដើម្បីផ្សព្វផ្សាយជូនដល់សាធារជន។
អ្នកសារព័ត៌មាន ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងត្រូវគោរពឱ្យបាន តាមពាក្យស្លោក «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
ចំណែក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានយល់ឃើញថា «នៅក្នុងពិភពលោកដែលមានភាពប្រទាក់ក្រឡាគ្នានាពេលបច្ចុប្បន្ន រូបភាពរបស់ប្រទេសមួយលែងត្រូវបានកំណត់ត្រឹមតែសេចក្តីថ្លែងការណ៍ផ្លូវការ និង ខិត្តបណ្ណធ្វើដំណើរទៀតហើយ។
អ៊ីនធឺណិត បានក្លាយជាសមរភូមិ ដ៏មានឥទ្ធិពលសម្រាប់ការផ្សាយព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ដែលធ្វើឱ្យខូចដល់ទំនុកចិត្តសាធារណជន ចំពោះស្ថាប័នជាតិ បណ្តាលឱ្យមាន ការបែកបាក់គ្នាក្នុងចំណោមសហគមន៍ ការមិនទុកចិត្ត អស្ថិរភាព ការរំលោភឯកជនភាព និងការរៀបចំវេទិកាអនឡាញសម្រាប់ គោលបំណងនយោបាយជាដើម»។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ការណ៍នេះនាំឱ្យមានភាពចលាចលសង្គម បញ្ហាប្រឈមសេដ្ឋកិច្ច និងការគំរាមកំហែងសន្តិសុខជាតិ។ ក្នុងតំបន់និងសកលលោក ព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយបានបង្កការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិសុខ និងស្ថិរភាព។
ការប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ មិនត្រឹមតែការ ពារមុខមាត់ ប្រទេសប៉ុណ្ណោះទេ ថែមទាំងការពារស្ថិរភាព និងវិបុលភាពនាពេលអនាគត។ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងព័ត៌មានក្លែងបន្លំតំបន់ អាស៊ានបានផ្តោតលើអក្ខរកម្មឌីជីថល ការត្រួតពិនិត្យរក ព័ត៌មានពិត និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។