ភ្នំពេញ: ឧកញ៉ា កែវ មុំ ក្នុងនាមទូលព្រះបង្គំផ្ទាល់រួមទាំងក្រុមការងារសហការី ក្រុមហ៊ុននំស្រួយលីលី សារថ្វាយព្រះពរ សូមក្រាបបង្គំថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!។
ក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ រួមទាំងក្រុមការងារ សហការី ក្រុមហ៊ុននំស្រួយលីលី, សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, សមាគមសមាធិព្រះធម៌-កម្ពុជា, សូមសម្តែងនូវក្តីរំភើពរីករាយឥតឧបមា ក្រោយពីទទួលព័ត៌មានថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទើប ទទួលបានការវះកាត់ប្រកបដោយភាពជោគជ័យ ដោយក្រុមគ្រូពេទ្យនៃមន្ទីពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជា-មានិតចិន។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា មានក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថិតក្រោមការពិនិត្យតាមដាន និងព្យាបាលយ៉ាង យកចិត្តទុកដាក់និងម៉ត់ចត់ជាទីបំផុត ពីសំណាក់ក្រុមវេជ្ជបណ្ឌិតល្បីៗនិងជំនាញៗ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងឆាប់បានជាសះស្បើយពីព្រះរោគ។
ទូលបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត និងសូមលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសបារមីទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ទេវតា រក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមយាងបីបាច់ ថែរក្សាអភិបាលប្រោះព្រំ ប្រទានព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ថ្វាយ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះ កាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជនវស្សាយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោស និងព្រះមេត្តាទទួលនូវគារវភក្តីដ៏ មហាខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា៕




