សិង្ហបុរី:នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។
វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry Focus, (ទី២) ការសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង ដែលការបណ្តុះបណ្តាលលើសមត្ថភាព និងជំនាញ ឈរលើមូលដ្ឋាននៃការរៀនបណ្តើរ និងការអនុវត្តជាក់ស្តែងបណ្តើរ និង (ទី៣) ការពង្រឹងយន្តការនៃការរៀនសូត្រពេញមួយជីវិត(Life-long learning) ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។
ចំណុចពិសេសនៃភាពជោគជ័យរបស់វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង គឺការផ្តោតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដ៏ជិតស្និទ្ធរវាងឧស្សាហកម្មក្នុងវិស័យនានានៃសេដ្ឋកិច្ចជាតិ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស តាមរយ:កិច្ចសហការក្នុងស្មារតីយោគយល់ នីងទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំកម្មវិធីសិក្សា ការសិក្សាអនុវត្តជាក់ស្តែង និង ទាំងការចំណាយថវិការួមគ្នាលើកម្មវិធីសិក្សា ជាដើម ៕
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia