ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ

សឹង្ហបុរ៧: នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ លោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០២៤។
ទន្ទឹមនោះ ទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំពិភាក្សាការងាររបស់សម្តេចធិបតី ជាមួយឯកឧត្តមប្រធានាធិបតី Tharman Shanmugaratnam និងនាយករដ្ឋមន្រ្តី Lawrence Wong កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ព្រមទាំងបានគូសរំលេចអំពីកិច្ចពិភាក្សាលើវិស័យផ្សេងៗ នៃកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងកម្ពុជា និងសិង្ហបុរី ដែលជាចំណងការទូតដ៏យូរអង្វែង ជាពិសេសចាប់តាំងពីប្រទេសកម្ពុជាបានទទួលស្គាល់ឯករាជ្យភាពរបស់សិង្ហបុរីនៅឆ្នាំ១៩៦៥ ហើយ សម្តេចធិបតី ក៏បានបញ្ជាក់ថា ប្រទេសសិង្ហបុរីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។
សម្ដេចធិបតី និងទេសរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើវិស័យសក្តានុពលមួយចំនួន ដូចជា៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ សន្តិសុខថាមពល ការការពារបរិស្ថាន ការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងការធានាបាននូវវិបុលភាពក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី ក៏បានក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនជន្មាយុរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៨ ឈានចូល៨៩ ព្រះសិរីវស្សា។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមសង្ឃឹមថានឹងបានទទួលស្វាគមន៍ដ៏កក់ក្តៅចំពោះសម្តេចតេជោ បំពេញទស្សនកិច្ចនៅសិង្ហបុរី នាពេលខាងមុខនេះ៕

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia