(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរចំពោះវិធានការដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្រ្កាបនិងលុបបំបាត់ក្រុមក្មេងទំនើងដែលតែងតែបង្កអុកទ្បុក និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជា ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សីលធម៌សង្គមដ៏គួរឲ្យព្រួយបារម្មណ៍។ ទន្ទឹមនឹងនេះអ្នកជំនាញអារ្យធម៌ខ្មែរ ក៏សូមអំពាវនាវឲ្យរាជរដ្ឋាភិបាល គួរចាត់វិធានការទៅលើការជេរប្រមាថរបស់អ្នកលេងបណ្ដាញសង្គមនិងការបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរផងដែរ ។
ពីព្រោះ៖
ទី១៖ ការជេរប្រមាថរបស់អ្នកលេងបណ្ដាញសង្គមនិងការបំភ្លៃព័ត៌មានមិនពិត នឹងក្លាយជាទំនាស់យ៉ាងធ្ងន់ធ្ងរដល់សង្គមដ៏គួរឲ្យព្រឺខ្លាច ដោយហេតុថាការជេរប្រមាថដែលគ្មានមូលដ្ឋានច្បាស់លាស់ អាចធ្វើឲ្យជ្រាបចូលក្នុងសន្ដានចិត្ដ អារម្មណ៍ និងស្មារតីរបស់មនុស្សដ៏ទៃទៀត។
ទី២៖ បង្កើតឲ្យមានវប្បធម៌ជេរប្រមាថមួយបែប ដែលជាការបន្ទាបបន្ថោកតម្លៃមនុស្ស តាមបែបអនាធិបតេយ្យ នាំមកនូវភាពអវិជ្ជមាន ហៅថា “ការប្រើសេរីភាពតាមបែបអនាធិបតេយ្យ” ។
ទី៣៖ ធ្វើឲ្យបាត់បង់ជំនឿជឿជាក់លើខ្លួនឯងនិងសង្គម ដោយសារតែមនុស្សមួយចំនួននោះកំពុងតែបណ្ដែតបណ្ដោយខ្លួនឲ្យធ្លាក់ស្រុតចុះ រហូតធ្វើឲ្យបាត់បង់តម្លៃជាមនុស្ស និងជះឥទ្ធិពលដ៏អាក្រក់ដល់មនុស្សដទៃទៀត។
ជាសរុបលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថាហេតុនេះការជេរប្រមាថរបស់អ្នកលេងបណ្ដាញសង្គមនិងការបំភ្លៃព័ត៌មានមិនពិត នឹងធ្វើឲ្យពួកគេក្លាយជាទាសករនៃមតិតាមបែបអនាធិបតេយ្យ ដោយពួកគេគ្រាន់តែរស់នៅតាមបែបផែនគ្មានខ្លឹមដែលមានតែសំបកខាងក្រៅប៉ុណ្ណោះ។ ដូច្នេះវិធានការបង្រ្កាបក្រុមក្មេងទំនើង និងការបង្រ្កាបការជេរប្រមាថរបស់អ្នកលេងបណ្ដាញសង្គម និងការបំភ្លៃព័ត៌មានមិនពិត គឹជាការឆ្លុះបញ្ចាំងអំពីអរិយធម៌ដ៏ទន់ភ្លន់ សុភាពរាបសា ដ៏ប្រពៃថ្លៃថ្លារបស់ប្រជាជាតិខ្មែរយើង ដែលមានតាំងពីបុរាណកាលមក៕