(សៀមរាប)៖ តាមរយៈវីដេអូដែលថតដោយមន្ត្រីឈរជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១ ដល់ទី៤ ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលធ្វើដំណើរមកខេត្តសៀមរាបនៅតែមាន គ្រាន់តែមានចំនួនតិចជាងមុន (រដូវ High Season)។
បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកក្កដានេះថា ជាមធ្យមក្នុងរដូវកាល Low Season នេះ មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមប្រមាណជាង២០០០នាក់ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមប្រមាណជាង ៣០ជើងក្នុង១ថ្ងៃ (ចំនួនជើងទៅមក)។
បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២.៦ លាននាក់។ ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច តែបើធៀបទៅនឹងខែមុន (រវាងខែមិថុនា ធៀបនឹងខែឧសភា) ចំនួនអ្នកដំណើរមានការធ្លាក់ចុះប្រមាណជិត ៨%៕