ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានបញ្ជាក់ថា គ.ស.អ.ស.ក កំពុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ។
នៅក្នុងកិច្ចប្រជុំស្តីពី “ការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានស្នើឱ្យមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាពដែលអាជីវកម្មក្រៅប្រព័ន្ធ អាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ក្នុងផ្លេតហ្វមឌីជីថលនោះ។
លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើងនេះ និងគាំទ្រឱ្យមានការសិក្សាលម្អិតបន្ថែមទៀតពីមន្រ្តីជំនាញ។ លោកជំទាវក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានបំពេញការងារជាច្រើនស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពចុះដល់មូលដ្ឋាន ផ្សព្វផ្សាយជាសាធារណៈ និងបញ្ចូលមេរៀនហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាដើម។
លោកជំទាវបានបន្តថា ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឱ្យអាជីវកម្មក្រៅប្រព័ន្ធបើកគណនីសន្សំនិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ អភិវឌ្ឍប្រព័ន្ធទូទាត់ដែលងាយស្រួល ចំណាយតិច និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្រ្តីផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីប្រធាន គ.ស.អ.ស.ក បានសាទរចំពោះវឌ្ឍនភាពការងាររបស់ ធនាគារជាតិនៃកម្ពុជា ដែលបានវិវឌ្ឍល្អស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕ ដោយ៖ កន ចំណាន, ប្រភព៖ ធនាគារជាតិនៃកម្ពុជា