ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអបអរសាទរចំពោះឯកឧត្តម Kyaw Soe Min ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា និងផ្តល់ការគាំទ្រពេញទំហឹងដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជួយសម្រួលដល់ការបំពេញបេសកកម្មការទូតក្នុងអាណត្តិរបស់ឯកឧត្តម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង និងបានឯកភាពគ្នាថាប្រទេសទាំងពីរគួរសហការគ្នាប្រារឰខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ដោយ៖ កន ចំណាន