ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមផលិតករកម្ពុជានៅតែបារម្ភពីការនាំចូលផលិតផលពីបរទេសនៅតាមច្រកព្រំដែន

លោកឧកញ៉ា ចាន់ ស៊ីថា នាយកក្រុមហ៊ុន ង៉ូវហេងប្រចាំខេត្តកំពត បានមាន​ប្រសា​សន៍​ថា តាមក្នុងនាមសហគ្រាសក្នុងស្រុកបានស្នើឲ្យរាជរដ្ឋាភិបាល និងស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការរឹតបន្តឹងការនាំចូលផលិតផលតាមច្រកព្រំដែន ខណៈដែលការផលិត​ក្នុង​ស្រុកនៅមានចំនួនតិចតួចនៅឡើយនោះ។

លោកឧកញ៉ាបានទទូចថា សូមឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែចូលរួមសហការគ្នា និងផ្តល់ការអប់រំដល់ម្ចាស់សហគ្រាស ដើម្បីឲ្យពួកគាត់ផលិតឲ្យមានស្តង់ដារកុំប៉ះ​ពាល់​ដល់អ្នកបរិភោគ។

លោកឧកញ៉ាមានប្រសាសន៍ទៀតថា វិធានការច្បាប់គឺជារឿង​ត្រឹមត្រូវសម្រាប់អ្នក​មានកំហុស ដែលផលិតនាំឲ្យមានគ្រោះថ្នាក់ដល់អ្នកបរិភោគ ក៏ប៉ុន្តែការនាំ​ចូលផលិត​ផលតាមច្រកព្រំដែនគឺ ជារឿងសំខាន់ដែលគួរតែមានការត្រួតពិនិត្យ ដើម្បីកុំឲ្យពល​រដ្ឋជួបបញ្ហាដល់អាយុជីវិតពេលទទួលទានហើយ។

លើសពីនេះលោកបានបន្ថែមថា ការផលិតរបស់សហគ្រាស​នៅកម្ពុជាមានទំហំ​តូច​នៅ​ឡើយហើយរឿងសំខាន់ការត្រួតពិនិត្យតាមច្រកព្រំដែននឹងជួយទប់ស្កាត់បញ្ហាអនាម័យ ហើយដូច្នោះ ការនាំចូលគួរតែមានស្តង់ដារជាតិផងដែរ។


សម្រាប់ លោកស្រី កែវ មុំ អគ្គនាយិកា ក្រុមហ៊ុនផលិតនំស្រួយលីលី​បានគាំទ្រនូវគំនិត​ផ្តួចផ្តើម​របស់រដ្ឋមន្រ្តីក្រសួងឧស្សាកម្ម និងសិប្បកម្មទាក់ទងសហគ្រាសក្នុងស្រុក ដែល​បានផលិត និងប្រើប្រាស់សារធាតុគី​មីធ្វើឲ្យប៉ះពាល់​សុខភាពរបស់​ប្រជាពលរដ្ឋនោះ គឺ ជារឿងត្រឹមត្រូវ ប៉ុន្តែទន្ទឹមនោះលោកស្រីថា«ក្នុងនាមអ្នកផលិតចំណីអាហារ ដែលធ្លាប់​យើងបានអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាព ហើយបាននាំចេញ​ទៅប្រទេស​ប្រ​មាណ​១០ សូមឲ្យស្ថាប័នជំនាញត្រូវតែរឹតបន្តឹងការ​នាំចូលផលិត​ផលតាម​ច្រកព្រំដែន​ជាមុនសិន»។

លោកស្រីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលគួរតែពង្រឹង​ការត្រួតពិនិត្យផលិត​ផល​ជាមុនសិនមុនអនុញ្ញាតិនាំចូលមកកាន់ប្រទេសកម្ពុជានៅតាមច្រកព្រំដែន ហើយអ្វី ដែលសំខាន់នោះ ផលិតផលខ្មែរមុននាំចូលទៅក្រៅប្រ​ទេសមានរបាំង​អនាម័យលើ​គុណ​ភាព និងការត្រួតពិនិត្យតឹងរឹងខ្លាំងផងដែរ។

លោកស្រីមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នផលិតផលនាំចូ​លពីប្រទេសជិតខាង​មាន​ច្រើន ហើយសូមឲ្យរាជរដ្ឋាភិបាលនិង​ស្ថាប័នជំនាញពង្រឹងការ​ត្រួតពិនិត្យលើគុណ​ភាព​ឲ្យបានល្អជាមុនអនុញ្ញាតិ មុនអនុញ្ញាតិឲ្យផលិតផលប​រទេសនាំចូលនិងលក់​នៅលើ​ទីផ្សារកម្ពុជា។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួល​ស្ថាប័នមានសមត្ថកិច្ចត្រួត​ពិ​និត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បី​វិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង។

អនុក្រឹត្យដែលមានចំនួន៤ មាត្រានោះបានបង្ហាញក្នុងមាត្រា១ អំពីការបញ្ចប់តួនាទី និង​ភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល)នៃក្រសួង​ពាណិជ្ជកម្មពីច្រក​ទ្វារគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។

មាត្រា២នៃអនុក្រឹត្យនេះលើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែននិងច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែង​សន្ធិធិ​គយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត»។

អនុក្រឹត្យដដែលនោះបន្ថែមថា ក្នុងករណីចាំបាច់ដែលត្រូវការ​ជំនាញឯកទេស​ជាក់​លាក់​ក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យនោះ អគ្គនាយ​ក​ដ្ឋានគយ និងរដ្ឋាករកម្ពុជាអាចស្នើសុំ​កិច្ចសហការពីស្ថាប័នឯក​ទេសផ្សេង​ទៀត​ក្នុង​ការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ស្របតាមការ​កំណត់នៃលិខិតបទដ្ឋាន​ជា​ធរ​មាន។

បើគិតមកទល់ពេលនេះ កម្ពុជាបានសម្រេចអនុម័តស្ដង់ដារគុណភាពផលិតផល មាន​ជាង ៦០០ស្ដង់ដារហើយ ដែលក្នុងនោះ មានភាគច្រើនជាផលិតផលម្ហូបអាហារ ហើយ​គ្រប់ម្ចាស់សហគ្រាសផលិតទាំងអស់ ដែលមានផលិតផលផលិតផល មានផ្ទុក​សារ​ជាតិ​ជាតិពុល ដែលបណ្ដាលឲ្យអ្នកប្រើប្រាស់រងគ្រោះថ្នាក់ ឬស្លាប់បាត់បង់ជីវិតនោះ អាចនឹងត្រូវប្រឈមមុខនឹងទោសព្រហ្មទណ្ឌ ទោះបីជាមានចេតនា ឬគ្មានចេតនាក៏​ដោយ។