ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោហ៊ុន សែន ថា៖ មិនមាន​អង្ករ​សិប្ប​និម្មិត្ត​ទេគ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​ប៉ុណ្ណោះ

​ភ្នំពេញ​៖សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅលើ​ពិភពលោក​នេះ មិនមាន​នរណា អាច​ផលិត​អង្ករ​សិប្ប​និម្មិត្ត​បាន​នោះទេ​។ ការបង្កើត​ព័ត៌មាន​អំពី​អង្ករ​សិប្ប​និម្មិត្ត ឬ​អង្ករ​ផ្លា​ស្ទិ​ច គ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​តែប៉ុណ្ណោះ​។
​សម្តេច​តេ​ជោ បានប្រកាសបែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល មកពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ​ប្រមាណ ១,៣៥៦​នាក់  នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ។​
សម្តេច​តេ​ជោ បានបញ្ជាក់ថា គ្រាន់តែ​ធ្វើ​ស្រូវ​អង្ករ​មែនទែន ក៏​ធ្លាក់​ថ្លៃ ជួប​បញ្ហា​ទៅហើយ​។ ដូច្នេះ​ចុះ​ទម្រាំ​ផលិត​ជា​អង្ករសិប្ប​និម្មិត្ត គឺ​ត្រូវការ​បច្ចេកវិទ្យា និង​ចំណាយ​ច្រើន​ក្នុង​ការផលិត​អង្ករ​សិប្ប​និម្មិត្តនេះ​។​​ជាមួយនឹង​ការប្រកាស​ថា មិនមាន​អង្ករ​សិប្ប​និម្មិត្ត សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​អង្ករ​កម្ពុជា ទៅនឹង​ប្រទេសជិតខាង ដូចជា​ថៃ និង​វៀតណាម ដោយសារតែ​អង្ករ​កម្ពុជា​យើង ប្រើប្រាស់​ដើមទុន​ច្រើន​ក្នុង​ការផលិត​ស្រូវ​អង្ករ គឺ​ថ្លៃ​ជាង​ប្រទេស​ថៃ និង​វៀតណាម​។
​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​​អំពាវនាវ​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ប្រជា​កសិកម្ម ប្រើប្រាស់​ជីធម្មជាតិ ដោយ​មិន​ប្រើ​ជាតិគីមី លើ​ដំណាំ​ស្រូវ និង​ដំណាំ​ដាំ​ដុះ បន្លែ​ផ្លែឈើ​ទាំងអស់​។ ខាង​កាំកុងត្រូល ក៏ត្រូវ​ដើរតួនាទី​មួយ​ដែរ ក្នុងការ​ប្រើប្រាស់​ជាតិគីមី ដែល​ឈានដល់​ការបំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​របស់​យើង​។ រីឯប្រជាពលរដ្ឋយើង ក៏កុំ​ទិញបន្លែត្រីសាច់ណា ដែលមានជាតិគីមី​៕