ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ប្រភពទុនវិនិយោគពីសិង្ហបុរីនៅកម្ពុជា មានសរុបប្រមាណ៤០០លានដុល្លារអាម៉េរិក

ប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។

ក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា យោងតាមទិន្នន័យ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រភពទុនវិនិយោគពីសិង្ហបុរី ស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ពីបរទេសឈានមុខទាំង១០ ដោយបានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ។ ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។

លោក បានបន្ថែមថា វត្តមាននៃក្រុមហ៊ុនធំៗ ដូចជា Keppel Infrastructure និង Changi Airport International ក៏ដូចជាម៉ាកល្បីៗ ដូចជា Charles & Keith, Ya Kun និង 800 super បានបង្ហាញថា ការវិនិយោតរបស់សិង្ហបុរី ពិតជាបានជំរុញការអភិវឌ្ឍរបស់កម្ពុជា។

ឆ្លៀតនាឱកាសនោះ លោកអគ្គលេខាធិការ គូសរំលេចនូវចំណុចគន្លឹះមួយចំនួន ដែលបានទាក់ទាញវិនិយោគិនសិង្ហបុរីមកបោះទីតាំងនៅកម្ពុជា ដូចជា កត្តាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា, កម្លាំងពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ជាមួយទីផ្សារធំៗ។ ជាមួយគ្នានោះ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៦កន្លែង ដែលកំពុងដំណើរ ដោយបានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ប៊ីលាន ដុល្លារអាម៉េរិក និងបង្កើតការងារបានជាង ១៨០ពាន់កន្លែងផងដែរ។