ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី និងខេត្តព្រះវិហារ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ១១២១នាក់

(រតនគិរី និងព្រះវិហារ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី និងខេត្តព្រះវិហារ មន្រ្តីក្នុងខេត្តទាំង ២ខាងលើ បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបចំនួន ១១២១នាក់ ដែលស្ថិតនៅសាលាបឋមសិក្សាប៊ូថង ទេសអន្លុង និងសាលាបឋមសិក្សាត្បែងមានជ័យ។
វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានក្នុងនាមជាអ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តទាំង ២ខាងលើ បានចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ៤១០ផ្ទាំង ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ។