ប៉ៃលិន : នៅសាលប្រជុំសាលាខេត្តប៉ៃលិន, អគ្គលេខាធិការដ្ឋាននៃគណៈក ម្មការគ្រប់គ្រងល្បែងពាណិ ជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រង អាជ្ញាបណ្ណ តំណាង លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីតំណាងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត, តំណាងស្នងការដ្ឋាន នគរបាលខេត្ត។
តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងខេត្ត, ប្រធានមន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃ គ.ល.ក. ប្រមាណ ៩០ នាក់។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណ ង៖ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត ប៉ៃលិន។
កិច្ចប្រជុំផ្តោត លើការគ្រប់គ្រងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីកំណត់និងដោះស្រាយនូវបញ្ហា ប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុងកើតមានឡើង នៅក្នុង ភូមិសាស្ត្រខេត្តប៉ៃលិន ២. បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តប៉ៃលិន សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាម ដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬអាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍ សេវាពី គ.ល.ក. និង៣. លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យល្បែងពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ម៉ី ច័ន្ទវាសនា ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា គិតត្រឹម ដំណាច់ឆ្នាំ២០២៣ នៅទូទាំងប្រទេស គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១, អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់តែ ប្រភេទឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ឬ៦ខ្ទង់)។
គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២៤ តាមរយៈការអនុវត្តច្បាប់និងលក្ខខណ្ឌអាជ្ញាបណ្ណតឹងរ៉ឹង គ.ល.ក. បានព្យួរអាជ្ញាបណ្ណល្បែង ផ្សងសំណាងចំនួន ១ ក្រុមហ៊ុន និងបានដកហូតអាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ១ ក្រុមហ៊ុន ព្រមទាំង បានបញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងទាំង ៩០ ទីតាំងផងដែរ។
ចំណែកនៅខេត្តប៉ៃលិន គ.ល.ក. ពុំមានផ្តល់អាជ្ញាបណ្ណ អាជ្ញាបណ្ណសាខា ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែង ផ្សងសំណាង ជូនដល់ក្រុមហ៊ុនណាមួយឡើយ។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុស គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងសមត្ថកិច្ច ពាក់ព័ន្ធ បានយល់ច្បាស់នូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងបានប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនឱ្យសកម្មបន្តទៀត ដើម្បី បង្ការ និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ មិនឱ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅខេត្តប៉ៃលិន” បានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា គាប់ប្រសើរ តាមការរំពឹងទុក។