ពោធិ៍សាត់ះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះបាន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។
កម្មវិធីនេះ ក្រោមការដឹកនាំសម្រប សម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងលោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំតំណា លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក កែម សុធឿន សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ តំណាងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត។
ដោយមានការចូលរួមពី តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងបញ្ជា-ការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានមន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធ។
លើសពីនេះ មានខាងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តពោធិ៍សាត់, ប្រតិបត្តិករល្បែងផ្សងសំណាង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃ គ.ល.ក. ប្រមាណ ២០០ នាក់។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និងផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីកំណត់និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ចំណុចទី ២. បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តពោធិ៍សាត់ សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ, អាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក.។ ទី៣.លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យល្បែងពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ម៉ី ច័ន្ទវាសនា ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ នៅទូទាំងប្រទេស គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១, អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់តែប្រភេទឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ឬ៦ខ្ទង់)។
គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ នេះ តាមរយៈការអនុវត្តច្បាប់និងលក្ខខណ្ឌអាជ្ញាបណ្ណតឹងរ៉ឹង គ.ល.ក. បានព្យួរអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន ១ ក្រុមហ៊ុន និងបានដកហូតអាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ១ ក្រុមហ៊ុន ព្រមទាំងបានបញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងទាំង ៩០ ទីតាំងវិញផងដែរ។
ចំណែកនៅខេត្តពោធិ៍សាត់ គ.ល.ក. បានផ្តល់អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ជូនដល់ក្រុមហ៊ុនចំនួន ៣ តែប៉ុណ្ណោះ គឺ ១.ក្រុមហ៊ុន ម៉ូឌែន អ៊ិនធើហ្រ្គេធីត សឺវីស ឯ.ក (ឆ្នោតម៉ូឌែន ឡូតធើរី) ២. ក្រុមហ៊ុន ដំរី មាស ឯ.ក (ឆ្នោត ដំរីមាស) និង៣. ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក (ឆ្នោត លាភមហាសម្បត្តិ ឡូតូ)។
ជាមួយគ្នានេះ លោកអភិបាលរងនៃគណៈអភិបាលខេត្ត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល សំដៅបង្រ្កាបនិងទប់ស្កាត់ល្បែងស៊ីសងឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ និងបន្តពិនិត្យជាប្រចាំ ធ្វើយ៉ាងណាបង្កានិងទប់ស្កាត់ល្បែងស៊ីសងមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកអភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ក្រុង-ស្រុក ដែលក្រុមការងាររបស់ គ.ល.ក.បានរកឃើញមានទីតាំងមួយចំនួនបានលបលួចបើកដំណើរការល្បែងស៊ីសងខុសច្បាប់ ដោយតម្រូវឱ្យអភិបាលនៃគណៈអភិបាល ក្រុង-ស្រុកទាំងនោះ ត្រូវកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកជាបន្ទាន់ និងបើកការស្រាវជ្រាវរកទីតាំងល្បែងស៊ីសង, ម្ចាស់ទីតាំង និងអ្នកពាក់ព័ន្ធ រួចរាយការណ៍ពីលទ្ធផលនៃការស្រាវជ្រាវមកអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីមានវិធានការបន្តសំដៅលុបបំបាត់ល្បែងស៊ីសងឱ្យអស់ពីក្នុងទឹកដីខេត្តពោធិ៍សាត់។
បន្ទាប់ពីកិច្ចពិភាក្សានិងទទួលបានការពន្យល់ណែនាំរបស់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ បានយល់ច្បាស់នូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តចាត់វិធានការបង្ក្រាបនិងទប់ស្កាត់មិនឱ្យមានល្បែងស៊ីសងខុសច្បាប់កើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន។
កិច្ចប្រជុំពិភាក្សាស្ដីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តពោធិ៍សាត់” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាគាប់ប្រសើរ លើសពីការរំពឹងទុក។